
ក្បួនរថយន្តកងកម្លាំង KFOR នៃកងទ័ពប៉ូឡូញបានទៅដល់ទីក្រុង Zvecan ប្រទេសកូសូវ៉ូ នៅថ្ងៃសុក្រ (២ មិថុនា)នេះ ដើម្បីពង្រឹងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូដែលការពារអគារក្រុងនានាក្នុងភាគខាងជើងទីក្រុងកូសូវ៉ូ។ ទីក្រុង Zvecan បានក្លាយជាទីតាំងសម្រាប់ការប៉ះទង្គិចគ្នាដ៏ហិង្សាបំផុតរវាងកងកម្លាំងណាតូ និងបាតុករស៊ែរប៊ី។
អំពើហឹង្សាបានផ្ទុះឡើងកាលពីថ្ងៃច័ន្ទ (២៩ ឧសភា) បន្ទាប់ពីក្រុមអាជ្ញាធរកូសូវ៉ូ គាំទ្រដោយអង្គភាពនគរបាលពិសេស បានតែងតាំងអភិបាលក្រុងជនជាតិអាល់បានីនៅក្នុងការិយាល័យនានាក្នុងក្រុងភាគខាងជើង។ អភិបាលក្រុងរូបនេះត្រូវបានបោះឆ្នោតជ្រើសរើសដោយមានអ្នកទៅបោះឆ្នោតត្រឹមតែ ៣,៥%ប៉ុណ្ណោះបន្ទាប់ពីជនជាតិស៊ែរប៊ីបានធ្វើពហិការមិនចូលរួមការបោះឆ្នោតក្នុងតំបន់។
ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យកងកម្លាំងរក្សាសន្តិភាពណាតូ៣០នាក់ និងបាតុករស៊ែរប៊ី ៥២ នាក់រងរបួស។ ណាតូបានសម្រេចចិត្តដាក់ពង្រាយកងរក្សាសន្តិភាពចំនួន ៧០០ នាក់បន្ថែមទៀតទៅកាន់កូសូវ៉ូ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ។
លោក Lulzim Hetemi អភិបាលក្រុងជនជាត់អាល់បានីដែលជាជនជាតិភាគតិចនៅតំបន់ Leposavic បានស្ថិតនៅក្នុងការិយាល័យរបស់ខ្លួនតាំងពីព្រឹកថ្ងៃចន្ទ ជាមួយនឹងកងរក្សាសន្តិភាពរបស់អង្គការណាតូ ដែលយាមសាលាក្រុងនៅពីក្រោយខ្សែរបារលួស។ សមភាគីរបស់លោកមកពីតំបន់ Zvecan និងតំបន់ Zubin Potok បាននិងកំពុងធ្វើការពីចម្ងាយពីមាតុភូមិកំណើតរបស់ពួកគេ។
នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១ មិថុនា)ថា លោកនឹងមិនផ្លាស់ប្ដូរការសម្រេចរបស់លោកក្នុងការតែងតាំងអភិបាលក្រុងជនជាតិអាល់បានីនៅក្នុងតំបន់មានជនជាតិស៊ែរប៊ីរស់នៅភាគច្រើននោះទេ៕
