
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានជួបជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong នៅថ្ងៃសុក្រ (២ មិថុនា)នេះ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក Albanese បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះសន្តិសុខក្នុងតំបន់នៅក្នុងកិច្ចប្រជុំជាមួយលោក Wong ដែលបានធ្វើឡើងនៅមុនវេទិកាសន្ទនាសន្តិសុខអាស៊ី Shangri-La ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃសុក្រនេះ។
លោកក៏បានជួបជាមួយប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob ហើយបានចូលរួមក្នុងពិធីរដាក់ឈ្មោះផ្កាអ័រគីដេ។ ជាប្រពៃណីរេបស់សិង្ហបុរី ប្រទេសនេះបានផ្តល់កិត្តិយសដល់បណ្ដាប្រមុខរដ្ឋដោយដាក់ឈ្មោះផ្កាអ័រគីដេតាមឈ្មោះពួកគេ។
លោក Wong កំពុងតែបំពេញការងារជំនួសនាយករដ្ឋមន្ត្រីលោក Lee Hsien Loong ដែលថ្មីៗនេះបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយដើមឡើយគ្រោងនឹងជួបជាមួយលោក Albanese។
ក្រោយមក លោក Albanese គ្រោងនឹងថ្លែងសុន្ទរកថាគន្លឹះនៅឯកិច្ចសន្ទនាShangri-La ជាទីដែលការប្រកួតប្រជែងដ៏ខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទសំខាន់សម្រាប់សុន្ទរកថាកម្រិតខ្ពស់នៅចុងសប្តាហ៍នេះ រួមទាំងទំនាក់ទំនងផ្នែកយោធា និងការទូតផងដែរ៕