
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តផ្សព្វផ្សាយអំពីការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជាង ១ ម៉ឺន ៦ពាន់នាក់នៅរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
យោងតាមលិខិតរបស់រាជរដ្ឋាភិបាលជម្រាបជូនទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករកម្មការិនី និយោជិត ឈប់សម្រាករយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខផង។
ក្រសួងការងារនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់ម្ចាស់ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ គឺនៅថ្ងៃ ទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាខាងមុខនេះ។
ក្រសួងបញ្ជាក់ថា ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ថា រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើកម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗនៅពេលត្រឡប់មកវិញឡើយ។ និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។
បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេក៏ត្រូវអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិនដើម្បីអាចមានលទ្ធភាពទៅចូលរួមបោះឆ្នោតបាន៕អត្ថបទ៖ វ៉ន ដារ៉ា