រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand បាននិយាយកាលពីថ្ងៃសៅរ៍ (៣ មិថុនា)ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសនេះ កំពុងត្រូវក្លាយជាគោលដៅនៃវាយប្រហារកាន់តែខ្លាំងឡើងពីប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៃប្រទេសផលិតប្រេងឆៅធំបំផុតទី ៤ របស់ពិភពលោកមួយនេះ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានកាលពីខែមុនថា ប្រទេសចិន មានសមត្ថភាពវាយប្រហារតាមបច្ចេកវិទ្យាប្រឆាំងនឹងប្រព័ន្ធបំពង់បង្ហូរប្រេង និងឧស្ម័ន ព្រមទាំងប្រព័ន្ធផ្លូវដែក បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមចោរព័ត៌មានវិទ្យាតាមប្រព័ន្ធអ៊ីនធឺណេតរបស់ចិនកំពុងធ្វើចារកម្មលើបណ្តាញប្រភេទនេះ។
លោកស្រី Anand បានធ្វើការអត្ថាធិប្បាយនៅពេលត្រូវបានសួរនាំអំពីការត្អូញត្អែររបស់ប្រទេសចិនដែលថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងប្រើប្រាស់សន្និសីទដើម្បីចោទប្រកាន់លើទីក្រុងប៉េកាំង និងបង្កើតការខ្វែងគំនិតដោយបើកចំហនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កំណើនភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានក្លាយជាប្រធានបទសំខាន់គ្របដណ្តប់លើដំណើរការនៅក្នុងសន្និសីទទាំងមូល។
ប្រទេសកាណាដាគឺជាទីតាំងសម្រាប់ប្រព័ន្ធបំពង់បង្ហូរប្រេងធំ ៗ ជាច្រើនដែលមានសារៈសំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងឆៅពិភពលោក។ ក្រុមហ៊ុនថាមពលពហុជាតិដូចជាក្រុមហ៊ុន Exxon Mobil និងក្រុមហ៊ុន Royal Dutch Shell មានប្រតិបត្តិការសំខាន់ៗជាច្រើននៅក្នុងប្រទេសនេះ៕
