អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសៅរ៍ (៣ មិថុនា)ថា ផែនការរបស់អ៊ុយក្រែន សម្រាប់ការវាយបកប្រឆាំងនឹងការកាន់កាប់របស់រុស្ស៊ី នៅស្ថិតក្នុងដំណើរការរៀបចំ បើទោះបីជាមានការវាយប្រហារដោយមីស៊ីល និងយាន្តដ្រូនទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

លោក Volodymyr V. Havrylov បាននិយាយថា ទន្ទឹមនឹងការវាយប្រហារមីស៊ីលតម្រង់គោលដៅ អ៊ុយក្រែនបានប្រឈមមុខនឹងការបាញ់មីស៊ីលបាលិស្ទិកម្តងហើយម្តងទៀតកាលខែឧសភា ជាពិសេសនៅតាមមជ្ឈមណ្ឌលទីក្រុងនានា រួមទាំងរដ្ឋធានី Kyiv ផងដែរ។
លោក Havrylov បានហៅការប្រើប្រាស់មីស៊ីលបាលិស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៊ីកាលពីខែឧសភាថាជា "ការបញ្ចេញយុទ្ធសាស្ត្រចុងក្រោយ" ហើយបានកត់សម្គាល់ថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន "មានប្រសិទ្ធភាពជាងមុន ៩០%" ប្រឆាំងនឹងការវាយប្រហារ។ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសPatriotដ៏ទំនើបដល់អ៊ុយក្រែនក្នុងឆ្នាំនេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចរាល់ហើយក្នុងការវាយបកដែលទន្ទឹងរង់ចាំដ៏អន្ទះសារនោះ។ លោក Havrylov បាននិយាយថា ការវាយប្រហារស្រោចដោយមីស៊ីល មិនបានប៉ះពាល់ដល់ពេលវេលានោះទេ។
លោក Havrylov បានបន្ថែមថា អ៊ុយក្រែនមានកិច្ចប្រជុំ និងការពិភាក្សាដ៏មានប្រសិទ្ធភាពជាមួយប្រទេសជាច្រើន រួមទាំងប្រទេសចិន និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីនៅឯវេទិកាកិច្ចសន្ទនា Shangri-La ៕