
នៅថ្ងៃចន្ទ ( ៥ មិថុនា)នេះ ក្រុមមន្ត្រីតុលាការសហព័ន្ធអូស្ត្រាលី បានចាប់ផ្តើមសវនាការលើបណ្តឹងដែលប្តឹងដោយក្រុមអ្នករស់នៅលើប្រជុំកោះ Torres Strait ដោយចោទប្រកាន់ថា រដ្ឋាភិបាលអូស្ត្រាលី បានបរាជ័យក្នុងការការពារពួកគេពីបម្រែបម្រួលអាកាសធាតុដែលគំរាមកំហែងបំផ្លាញជម្រករបស់ពួកគេ។
បណ្ដឹងនេះ ជាបណ្តឹងរួមផ្នែកអាកាសធាតុដំបូង ដែលបញ្ចូនដោយជនជាតិលើកដំបូង របស់អូស្ត្រាលី ត្រូវបានដាក់ជូនទៅតុលាការកាលពីឆ្នាំ ២០២១ តំណាងឲ្យប្រជុំកោះដាច់ស្រយាល Boigu និងកោះ Saibai ក្នុងច្រកសមុទ្រ Torres ក្បែរឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអូស្ត្រាលី។
សវនាការដំបូងនឹងធ្វើឡើងនៅប្រជុំកោះនេះរហូតដល់ថ្ងៃទី ១៩ ខែមិថុនា ដោយតុលាការរំពឹងថានឹងស្តាប់ការបំភ្លឺពីបណ្ដាអ្នករស់នៅលើកោះ រួមទាំងដើមបណ្តឹងពីរនាក់គឺលោក Paul Kabai និងលោក Pabai Pabai អំពីការគំរាមកំហែងពីកំណើននីវ៉ូសមុទ្រដែលប៉ះពាល់ដល់វប្បធម៌ ជីវិត និងជម្រករបស់ពួកគេ។
ប្រជុំកោះនៅច្រកសមុទ្រ Torres ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី ប្រឈមនឹងការគំរាមកំហែងនៃទឹកជំនន់ និងកម្រិតជាតិអំបិលក្នុងទឹកដែលបំផ្លាញដីរបស់ពួកគេ ដោយសារការឡើងកំដៅផែនដីនាំឱ្យមានព្យុះកាន់តែច្រើន និងកំណើននីវ៉ូសមុទ្រ។
បណ្ដឹងនេះត្រូវបានគាំទ្រដោយក្រុមតស៊ូមតិមិនស្វែងរកប្រាក់ចំណេញ Grata Fund និងក្រុម Urgenda Foundation ហើយកំពុងដំណើរការដោយក្រុមហ៊ុនទទួលបណ្តឹងរួម Phi Finney McDonald៕
