
រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទ (៥ មិថុនា)នេះថា ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្របាល់ទិក មួយថ្ងៃបន្ទាប់ពីបណ្ដាប្រទេសសមាជិកណាតូ បានចាប់ផ្តើមសមយុទ្ធបាល់ទិកប្រចាំឆ្នាំរបស់ពួកគេ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នៅខាងណាតូមានកងកម្លាំងចំនួន ៦.០០០នាក់ នាវាចំនួន ៥០គ្រឿង និងយន្តហោះប្រមាណជា ៤៥ គ្រឿងកំពុងចូលរួមក្នុងសមយុទ្ធរបស់ពួកគេ ដោយប្រទេសហ្វាំងឡង់ បានចូលរួមជាលើកដំបូងក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាពនេះ។
យោធារុស្ស៊ីបាននិយាយថា នាវា និងទូករហូតដល់ ៤០ គ្រឿង អាកាសយាន ២៥ គ្រឿង និងកងកម្លាំងប្រហែល ៣.៥០០ នាក់នឹងចូលរួមក្នុងសមយុទ្ធរបស់ខ្លួន ដែលគ្រោងនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៥ ខែមិថុនា។
ទីក្រុងមូស្គូក៏បានចាប់ផ្តើមធ្វើសមយុទ្ធនៅសមុទ្រជប៉ុន និងចុងបូព៌ានៃសមុទ្រ Okhotsk នៅថ្ងៃចន្ទនេះ ដែលនឹងមានការចូលរួមដោយនាវាចម្បាំងជាង ៦០គ្រឿង និងនាវាគាំទ្រពីកងនាវាចរណ៍ប៉ាស៊ីហ្វិករបស់ខ្លួនផងដែរ៕
