កេនយ៉ា៖ នគរបាលកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ជិតសភា កាលពីថ្ងៃអង្គារ លើហ្វូងមនុស្សរាប់រយនាក់ កំពុងតវ៉ាទៅនឹងសំណើច្បាប់ហិរញ្ញវត្ថុ ដែលនឹងដំឡើងការបង់ពន្ធលើប្រេងឥន្ធនៈ ការសាងសង់លំនៅឋាន និងផ្នែកឌីជីថល។

លោកប្រធានាធិបតី William Ruto ដែលបានជាប់ឆ្នោតកាលពីខែសីហា សម្រាប់វេទិកា ជួយដល់ជនក្រីក្រ កំពុងស្ថិតក្រោមសម្ពាធដើម្បីបង្កើនចំណូលនៅក្នុងកម្លាំងសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងកើតមួយនេះ ស្របពេលមានការប្រឈមទៅនឹងការសងបំណុលកំពុងកើនឡើង។
ប៉ុន្តែសំណើនេះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីមន្ត្រីរដ្ឋការ និងក្រុមបក្សនយោបាយប្រឆាំង ដែលនិយាយថា កត្តានេះ ប៉ះពាល់ដល់ជីវិភាពរស់នៅប្រចាំថ្ងៃដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋ រួចទៅហើយ។
អ្នកសារព័ត៌មាន Reuters បាននិយាយថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុរប្រមាណ៥០០ នាក់ ដែលបានដើរហែក្បួនទៅកាន់អគាររដ្ឋសភា ដើម្បីដាក់ញ្ញត្តិមួយប្រឆាំងនឹងសំណើច្បាប់នេះ។ គេបានមើលឃើញនគរបាលបានឃុំខ្លួនអ្នកតវ៉ាចំនួន១១នាក់ ។

លោក Ruto បានការពារសំណើច្បាប់នេះ ដោយនិយាយថាការសម្រេចនានារបស់ខ្លួន ចាំបាច់ក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ និងបង្កើតការងារសម្រាប់យុវជន ដោយការកសាងលំនៅឋានថ្មីប្រើប្រាស់ហិរញ្ញវត្ថុបានមកពីការយកពន្ធពីការសាងសង់លំនៅឋាន។ គេរំពឹងថា ច្បាប់នេះនឹងត្រូវបោះឆ្នោតសម្រេចនៅសប្ដាហ៍ក្រោយ៕