ផ្ទៃមេឃប្រែជាពណ៌លឿងទុំខុសពីធម្មតា បានគ្របដណ្តប់ពីលើរដ្ឋធានី Ottawa របស់ប្រទេសកាណាដា កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុមអាជ្ញាធរ បានព្រមានពីហានិភ័យសុខភាព ពាក់ព័ន្ធនឹងផ្សែងបណ្តាលមកពីភ្លើងឆេះព្រៃរដូវក្តៅឆាប់រហ័សពុំធ្លាប់ដែលមានពីមុនមក ។

ដោយឡែកតំបន់ឆ្លងព្រំដែនចូលទឹកដីសហរដ្ឋអាមេរិក ក្រសួងអភិរក្សបរិស្ថានរដ្ឋ New York បានចេញសេចក្តីណែនាំពីសុខភាពផងដែរសម្រាប់តំបន់របស់ពួកគេ ដោយលើកឡើងថា ប្រជាពលរដ្ឋត្រូវតែកំហិតសកម្មភាពខាងក្រៅដ៏តឹងរឹងរបស់ពួកគេ ។
គុណភាពខ្យល់នៅក្នុងទីក្រុង Ottawa ស្ថិតក្នុងកម្រិតដ៏អាក្រក់បំផុតនៅលើសន្ទស្សន៍សុខភាពគុណភាពខ្យល់ក្នុងបរិស្ថានកាណាដា ដែលជាការចង្អុរបង្ហាញហានិភ័យខ្ពស់បំផុត ។ ខណៈពេលនោះដែរ ក្រុមគ្រូពេទ្យ បានបង្ហាញពីការព្រួយបារម្ភផងដែរ ។

ក្រុមមន្រ្តីនិយាយថា ប្រជាពលរដ្ឋដែលគ្មានផ្ទះសម្បែងរស់នៅ ហើយចំណាយពេលខាងក្រៅច្រើន នឹងប្រឈមនឹងហានិភ័យខ្លាំងជាងគេ ។
ខេត្ត Quebecដែលនៅក្បែរទីក្រុង Ottawaគឺជាខេត្តរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែចំហេះព្រៃជាច្រើន។ ការជម្លៀសខ្លួនមនុស្ស ត្រូវបានបញ្ជា នៅតាមតំបន់មួយចំនួន ។
គុណភាពខ្យល់នៅទីក្រុង Toronto បានកខ្វក់ផងដែរកាលពីថ្ងៃអង្គារ ហើយក្រុមមន្រ្តីនិយាយថា ស្ថានភាពអាក្រក់បែបនេះ អាចនឹងកើតមានជិតពេញមួយសប្តាហ៍តែម្តង ៕
