ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde កាលពីថ្ងៃចន្ទបានឲ្យដឹងថា សម្ពាធអតិផរណានៅក្នុងប្រទេសចំនួន ២០ នៅតំបន់ចាយប្រាក់អឺរ៉ូនៅតែមានឥទ្ធិពល ដែលបណ្តាលឱ្យមានការខ្វះខាតតម្រូវការនានា អាជីវកម្មធ្លាក់ចុះ និងបានប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់នៅក្នុងតំបន់នេះ ។

យោងតាមរបាយការណ៍របស់ធនាគារកណ្តាល (ECB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូស្ទើរតែជាប់គាំងកាលដើមឆ្នាំ ២០២៣ ស្របពេលតម្លៃថាមពលកើនឡើងកាន់តែខ្ពស់ និងការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់។
លោកស្រី Lagarde បានទទួលស្គាល់ "សញ្ញានៃការបង្រួបបង្រួម" នៅក្នុងអតិផរណាស្នូលនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ប៉ុន្តែលោកស្រីបានបញ្ជាក់សារជាថ្មីថាវាលឿនពេកហើយក្នុងការហៅបញ្ហានោះថាជាកម្រិតអតិបរមានៅក្នុងរង្វាស់គន្លឹះនៃកំណើនតម្លៃនោះ។
ការប៉ាន់ប្រមាណភ្លាមៗរបស់ការិយាល័យស្ថិតិសហភាពអឺរ៉ុបបានបង្ហាញថា អតិផរណាបានធ្លាក់ចុះពីកម្រិតអតិបរមានៃខែតុលាហើយនៅសល់ត្រឹមតែ ៦,១ ភាគរយកាលពីខែឧសភា។ អតិផរណាតម្លៃម្ហូបអាហារនៅតែខ្ពស់ជាងធម្មតា ប៉ុន្តែកំពុងធ្លាក់ចុះនៅសល់ត្រឹម ១២,៥ ភាគរយនៅខែឧសភាពីចំនួន ១៣,៥ ភាគរយកាលពីខែមេសា។

លោកស្រី Lagarde បានចង្អុលបង្ហាញថាធនាគារកណ្តាល (ECB) មានគោលបំណង បង្កើនអត្រាការប្រាក់ឲ្យខ្ពស់គ្រប់គ្រាន់ដើម្បីសម្រេចបាននូវការត្រឡប់មកវិញទាន់ពេលវេលានៃអតិផរណាទៅកាន់គោលដៅមធ្យមគឺចំនួនពីរភាគរយ ហើយនឹងរក្សាតួលេខនោះឲ្យនៅដដែល "ដរាបណាមានភាពចាំបាច់ផ្សេងទៀត"៕