រុស្ស៊ី ៖ នាង Elena Kolbasnikova ដែលជាសកម្មជនគាំទ្ររុស្ស៊ី ត្រូវបានពិន័យពីការជំនុំជម្រះក្ដី នៅតុលាការអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ (ទី៦ មិថុនា) ពាក់ព័ន្ធនឹងការផ្តល់បទសម្ភាសន៍ ក្នុងខែឧសភា ឆ្នាំ២០២២ ដែលរូបនាងបានយល់ស្របលើសកម្មភាពរបស់ប្រទេសរុស្ស៊ី ដែលទាក់ទងនឹងសង្រ្គាម នៅប្រទេសអ៊ុយក្រែន។
សកម្មជនរូបនេះ ត្រូវបានគេរកឃើញថា មានពិរុទ្ធលើបទចោទប្រកាន់ដែលថា «ស្របតាមការប្រព្រឹត្តខុស» បន្ទាប់ពីបានព្យាយាមនិយាយលុបលាងសកម្មភាពផ្សេងៗរបស់រដ្ឋាភិបាលរុស្ស៊ី និងបានបដិសេធថា ទង្វើរបស់ប្រទេសរុស្ស៊ី គឺជាការឈ្លានពានតាមធម្មតា អំឡុងពេលផ្ដល់កិច្ចសម្ភាសន៍តាមទូរទស្សន៍។ នាង Kolbasnikova ដែលជាពលរដ្ឋអ៊ុយក្រែន បាននិយាយថា រុស្ស៊ីជាអ្នករក្សាសន្តិភាព ក្នុងតំបន់។
អ្នកនាំពាក្យតុលាការលោក Andrea Fuchs បាននិយាយបន្ទាប់ពីការកាត់ក្តីថា៖ «តុលាការបានសន្និដ្ឋានថា សេចក្តីថ្លែងការណ៍នេះ បង្កើតបានជាការរំខានដល់សន្តិភាពសាធារណៈ»។
ចៅក្រមតុលាការសហព័ន្ធក្រុង Cologne បានចេញការពិន័យជាប្រាក់ចំនួន ៩០០អឺរ៉ូ (៩៦២ដុល្លារ) ដែលនាង Kolbasnikova បាននិយាយថា នាងកំពុងគ្រោងប្តឹងឧទ្ធរណ៍៕

