អាមេរិក៖ អតីតអនុប្រធានាធិនាធិបតីលោក Mike Pence ដែលធ្វើការយ៉ាងស្មោះត្រង់ជាមួយលោក Donald Trump រយៈពេល ៤ឆ្នាំ កាលពីថ្ងៃពុធ បានរិះគន់អតីតចៅហ្វាយនាយរបស់ខ្លួនយ៉ាងចាស់ដៃពីបទវាយប្រហារកាលពីឆ្នាំ២០២១ លើវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក ខណៈដែលរូបលោកបានចាប់ផ្ដើមបើកយុទ្ធនាការ ដើម្បីប្រជែងតំណែងប្រធានាធិបតី ឆ្នាំ២០២៤ របស់គណបក្សសាធារណរដ្ឋ។

លោក Pence បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត រហូតមកដល់បច្ចុប្បន្ននេះ ចំពោះតួនាទីរបស់លោក Trump ក្នុងការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅពេលដែលអ្នកគាំទ្រប្រធានាធិបតី នាពេលនោះ បានសម្រុកចូលសភាសហរដ្ឋអាមេរិក ដើម្បីព្យាយាមបញ្ឈប់សមាជិកសភាកុំឲ្យបញ្ជាក់ពីជ័យជម្នះពីការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden។
ក្នុងសុន្ទរកថា នៅឯរដ្ឋ Iowa ដែលចាប់ផ្តើមការប្រជែង ដើម្បីទទួលបានការតែងតាំងរបស់គណបក្សសាធារណរដ្ឋនៅឆ្នាំក្រោយ លោក Pence បាននិយាយថា៖ «ខ្ញុំជឿថា បុគ្គលណាម្នាក់ ដែលយកខ្លួនឯងធំជាងរដ្ឋធម្មនុញ្ញ បុគ្គលនោះមិនសមបានធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកឡើយ ហើយបុគ្គលណាម្នាក់ ដែលស្នើនរណាម្នាក់ឲ្យធ្វើខ្លួនធំជាងរដ្ឋធម្មនុញ្ញ បុគ្គលនោះក៏មិនគួរបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកម្តងទៀតដែរ»។
នេះគឺជាការវាយប្រហារមិនធម្មតាមួយរបស់លោក Pence ដែលមិនត្រឹមតែព្រោះរូបលោកភាគច្រើន បានព្យាយាមបញ្ចៀសការវាយប្រហារដោយត្រង់សំដៅលោក Trump រហូតមកដល់ពេលនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ព្រោះតែការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នោះ កម្រត្រូវបានលើកឡើងយកមកនិយាយដោយបុគ្គលផ្សេងទៀតដែលប្រាថ្នាក្លាយជាប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។

លោក Pence ដែលឈានដល់វ័យ ៦៤ឆ្នាំ កាលពីថ្ងៃពុធ បានចូលរួមក្នុងការប្រកួតប្រជែងដណ្ដើមតំណែងដ៏ចង្អៀត ដែលបច្ចុប្បន្នជាការប្រណាំងប្រជែងរបស់បុគ្គលពីរនាក់ រវាងអ្នកនាំមុខលោក Trump និងអភិបាលរដ្ឋ Florida លោក Ron DeSantis។ អតីតអភិបាលរដ្ឋ New Jersey លោក Chris Christie និងអភិបាលរដ្ឋ North Dakota លោក Doug Burgum ក៏បានប្រកាសបេក្ខភាពក្នុងសប្តាហ៍នេះផងដែរ ដោយបង្កើនទំហំក្ដីសង្ឃឹម ក្នុងការបានតំណែងនៅសេតវិមានរបស់គណបក្សសាធារណរដ្ឋឡើងទ្វេដង៕