
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងជាថ្មី អំពីការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំ ទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩។
ខណៈនៅព្រឹកថ្ងៃទី១១ ខែឧសភា នេះ វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ ម៉ឺនដូស បន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេស កម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រសង្គមហ្វេសប៊ុក បានបញ្ជាក់ថា វ៉ាក់សាំង ជាផ្នែកដ៏សំ ខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋ ពីការវាយ ប្រហារដោយជំងឺនេះ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បាននឹងកំពុងស្វះស្វែងរក វ៉ាក់សាំង ហើយបាននាំមកដល់ជាបន្តបន្ទាប់ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ដើម្បី បង្កើតភាពស៊ាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយ កំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺន ដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ខណៈជើងទី១ មានចំនួន១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែមេសា។
មកទល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំងជាង៤លានដូសរួចមកហើយ រួមមាន ៖ ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញ ពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក (WHO) ៕
អត្ថបទ៖ មុត សុទ្ធ