អូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍ (៨ មិថុនា)នេះថា ខ្លួននឹងបញ្ចូនច្បាប់ទៅសភានៅសប្តាហ៍ក្រោយស្ដីពីការហាមប្រាមការបង្ហាញជាសាធារណៈ និងការលក់និមិត្តសញ្ញាបង្ហាញភាពស្អប់ខ្ពើមរបស់ណាហ្ស៊ី ដោយលើកឡើងពីកំណើននៃសកម្មភាពស្តាំនិយមនៅក្នុងប្រទេសនេះ។

អគ្គមេធាវីសហព័ន្ធលោក Mark Dreyfus បាននិយាយថា និមិត្តសញ្ញាដៃខ្វែងគ្នាដែលជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាល្បីបំផុតនៃការឃោសនារបស់ណាហ្ស៊ី និងនិមិត្តសញ្ញា Schutzstaffel (SS) (ស្ហ៊ូតស្តាហ្វែល)របស់អាឡឺម៉ង់ ដែលជាកងការពារយោធាប៉ារ៉ារបស់គណបក្សណាហ្ស៊ី នឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ជាទង់ជាតិ និងខ្សែដៃ ឬបោះពុម្ពនៅលើសំលៀកបំពាក់ឡើយ។
លោក Dreyfus បានបន្ថែមថា នឹងមានការលើកលែងសម្រាប់ការប្រើប្រាស់ក្នុងសិល្បៈ ការសិក្សា ឬសាសនានៃនិមិត្តសញ្ញាដៃខ្វែងគ្នា ដែលមានសារៈសំខាន់ខាងវិញ្ញាណនៅក្នុងសាសនាហិណ្ឌូ សាសនាចេន និងព្រះពុទ្ធសាសនា។
ទីភ្នាក់ងារចារកម្មរបស់ប្រទេសអូស្ត្រាលីបានព្រមានថា ក្រុមស្តាំនិយមជ្រុលកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយថាពួកគេមានការរៀបចំ និងមើលឃើញកាន់តែច្រើន។
កាលពីខែមីនា ក្រុមណាហ្ស៊ីបែបថ្មី បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាសិទ្ធិអ្នកកែភេទនៅទីក្រុង Melbourne ហើយត្រូវបានគេឃើញលើកដៃជាសញ្ញាណាហ្ស៊ីនៅជិតអគាររដ្ឋសភា៕
