
ត្រីងាប់រាប់ម៉ឺនក្បាល បានអណ្តែតមកទើរលើមាត់អាងស្តុកទឹក Kakhovkaក្រោយការបំផ្លាញទំនប់ក្នុងយុគសម័យសហភាពសូវៀតកាលពីថ្ងៃអង្គារ នៅតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី ។
អាងស្តុកទឹក Kakhovka ស្ថិតនៅលើផ្ទៃដីទំហំ ២.១៥៥គ.មក្រឡា មានស្តុកទឹក ១៨គ.មគូប គឺជាទំហំមួយស្មើនឹងបឹង Great Salt Lake ស្ថិតក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក ។
ការបំផ្លាញទំនប់ បានបញ្ចេញទឹកជំនន់នៅទូទាំងតំបន់សង្គ្រាម គឺជាអ្វីមួយដែលភាគីអ៊ុយក្រែន និងរុស្ស៊ី និយាយថា គឺជាការវាយប្រហារដោយចេតនាដោយកងកម្លាំងម្ខាងទៀត ។
លោកតា Viktor Nedria រស់នៅក្នុងភូមិ Marianskeគឺជាភូមិមួយស្ថិតនៅលើមាត់អាងស្តុកទឹក Kakhovka និយាយថា អ្វីដែលពួកយើងមើលឃើញគឺជារូបភាពនៃគ្រោះមហន្តរាយអេកូឡូស៊ី ។ នីវ៉ូទឹកបានធ្លាក់ចុះយ៉ាងឆាប់រហ័ស យ៉ាងលឿន ដែលសូម្បីតែត្រីនៅក្នុងអាងស្តុកទឹកនេះ ក៏មិនអាចហែលទាន់ដែរទៅកាន់ទឹកជ្រៅ ។
លោកតាបន្តថា ទំហំនៃគ្រោះមហន្តរាយដ៏អាក្រក់នេះ នៅពុំអាចប៉ាន់ស្មានបាននៅឡើយទេ ប៉ុន្តែវាមានទំហំធំធេងខ្លាំងណាស់ ។
ខណៈពេលនោះដែរ ក្រុមអ្នកភូមិ បានប្រញាប់ប្រញាល់ធ្វើទំនប់បណ្តោះអាសន្ន ដើម្បីសង្គ្រោះត្រីទាំងនេះ និងរក្សាទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបានសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ៕
