ឥណ្ឌូនេស៊ី៖ យោងតាមប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា (ទី៨ ខែមិថុនា)ថា ប្លុកនេះនឹងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូងមិនធ្លាប់មាន នៅសមុទ្រចិនខាងត្បូង ជាសមយុទ្ធសន្តិសុខពហុភាគីចុងក្រោយបង្អស់ ដែលធ្វើឡើង ក្នុងពេលដែលកំពុងកើតមានភាពតានតឹង និងភាពមិនច្បាស់លាស់ នៅក្នុងតំបន់។

ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៃមេបញ្ជាការយោធានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ដែលមានសមាជិក១០ប្រទេស នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធនេះ នៅសមុទ្រ Natuna ខាងជើង ដែលជាដែនទឹកស្ថិតចុងខាងត្បូងនៃសមុទ្រចិនខាងត្បូង។
ប្រមុខយោធារបស់ប្រទេសឥណ្ឌូណេស៊ី លោកឧត្តមនាវីឯក Yudo Margono បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ថា សមយុទ្ធនេះនឹងធ្វើឡើងក្នុងខែកញ្ញា ហើយនឹងមិនរួមបញ្ចូលការហ្វឹកហ្វឺនប្រតិបត្តិការប្រយុទ្ធណាមួយនោះឡើយ។ លោក Margono បាននិយាយថា គោលបំណងគឺការពង្រឹង «ភាពអព្យាក្រឹតរបស់អាស៊ាន»។

ឯកភាពរបស់អាស៊ានអស់រយៈពេលជាច្រើនឆ្នាំមកហើយ ត្រូវបានសាកល្បងដោយការប្រជែងគ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកំពុងបង្កើតឲ្យមានឡើង នៅសមុទ្រចិនខាងត្បូង។ សមាជិករបស់អាស៊ាន រួមមានវៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងម៉ាឡេស៊ី បានប្រជែងអះអាងសិទ្ធិជាមួយទីក្រុងប៉េកាំង ដែលអះអាងនូវអធិបតេយ្យភាពលើមហាសមុទ្រដ៏ធំល្វឹងល្វើយ ដោយក្នុងនោះមានរួមបញ្ចូលផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។
អ្នកនាំពាក្យយោធាឥណ្ឌូនេស៊ី លោក Julius Widjojono បាននិយាយថា សមយុទ្ធនេះ គឺទាក់ទងទៅនឹង «ហានិភ័យខ្ពស់នៃគ្រោះមហន្តរាយ នៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍»៕