
ភ្នំពេញ៖ កម្ពុជាបានការនាំចេញអង្ករចំនួនជាង ២៧ម៉ឺនតោន ទទួលបានថវិកាចំនួន ជាង ១៩០លានដុល្លារនៅរយៈពេល៥ខែដើម ឆ្នាំ២០២៣ ដែលទីផ្សារប្រទេសចិន ជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា បង្ហាញថា កម្ពុជានាំអង្ករ តាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ ។
យោងតាមរបាយការណ៍ បញ្ជាក់ថា ការនាំចេញនេះអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩%, អង្ករសចំនួន ១០.៨៧%, អង្ករចំហុយ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣% ។
ប្រទេសចិននៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបចំនួន ៤២.៤៣% មានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។
ទីផ្សារដទៃទៀត មាន ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩លានដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ានចំនួន៤ ស្មើនឹង ៧.៨៦% ក្នុងនោះប្រទេសហ្វីលីពីនជាទីផ្សារទើបនាំចេញ ក្នុងបរិមាណធំលើកទី១ចំនួន ២ ៥៧៥តោន ក្រៅពីនេះទីផ្សារផ្សេងៗចំនួន ២០គោលដៅស្មើនឹង ១០.៧៨%។
ដោយឡែកការនាំចេញស្រូវ មានចំនួន ជាង២,១លានតោន ក្នុងរយៈពេល៥ខែ ស្មើនឹងប្រមាណជា ១.៣៧ លានតោនអង្ករ ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជាជាង ៥៤០ លានដុល្លារសហរដ្ឋមេរិក៕ អត្ថបទ៖ វណ្ណៈ
