ចិន ៖ អ្នកនាំពាក្យរបស់ប្រទេសចិន បាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសចិនសង្ឃឹមថា បេសកកម្មការទូតរបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក អាចធ្វើតាមការសន្យារបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់ថូនី ប្ល៊ីនខិន (Antony Blinken) ដែលមិនឲ្យកាន់ជើងភាគីណាមួយឡើយ រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។
អំឡុងទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រមុខការទូតសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់សន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Faisal bin Farhan al-Saud ថា ប្រទេសរបស់លោកមិនស្នើសុំឲ្យមានការជ្រើសរើសភាគីខាងណានោះឡើយ រវាងសហរដ្ឋអាមេរិក និងចិន។
នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងតាមទម្លាប់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វេនពីន (Wang Wenbin) បានលើកឡើងថា៖ «យើងបានកត់សម្គាល់ចំពោះសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ យើងសង្ឃឹមថា បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោកអាចអនុវត្តយ៉ាងពិតប្រាកដនូវការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រី លោក Blinken ដែលថា មិនស្នើសុំឲ្យប្រទេសណាមួយជ្រើសរើសភាគីណានោះទេ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន»។
លោក វ៉ាង បានបន្តថា៖ «យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងទទួលយកយ៉ាងស្មោះត្រង់នូវផ្នត់គំនិតបើកចំហ និងរួម ចំពោះទំនាក់ទំនងរបស់ប្រទេសផ្សេងៗជាមួយប្រទេសចិន។ ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបញ្ឈប់សកម្មភាព ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន ដូចជាក្រុមហ៊ុន Huawei ជាដើម បញ្ឈប់ការបង្ខិតបង្ខំសម្ព័ន្ធមិត្តឲ្យរឹតបន្តឹងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ឈប់ប្រើប្រាស់ផលប្រយោជន៍ជានុយ ដើម្បីបង្ខំឲ្យប្រទេសផ្សេងទៀតបោះបង់ចោលការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយចិន និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជា អន្ទាក់បំណុលចិនជាដើម»។
លោកវ៉ាង បានបញ្ជាក់បន្ថែមថា៖ «លោក George Washington ប្រធានាធិបតីស្ថាបនិកសហរដ្ឋអាមេរិក ធ្លាប់បាននិយាយថា ធ្វើសកម្មភាព មិនមែនត្រឹមតែពាក្យសំដីនោះទេ។ នេះគឺជាលក្ខណៈវិនិច្ឆ័យពិតនៃចំណងមិត្តភាព។ ខណៈពេលដែលយើងយកចិត្តទុកដាក់លើអ្វីដែលសហរដ្ឋអាមេរិក បាននិយាយ យើងមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសកម្មភាពរបស់ពួកគេ»៕

