ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា និងឧកញ៉ា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការ កសាងអភិវឌ្ឍ ដែលកំណើនការរីកម្រើនរបស់កម្ពុជា មិនអាចខ្វះបានឡើយពីការចូលរួមពីអ្នកឧកញ៉ា និង ឧកញ៉ា ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្ដេចបានយល់ ព្រមធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួល ស្គាល់សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា នេះ ។
សម្ដេចតេជោ បានគូសបញ្ជាក់ថា វិស័យឯកជនបានចូលរួមក្នុងការឧបត្ថម្ភគាំទ្រយ៉ាងច្រើនលើ គ្រប់ព្រឹត្តិការណ៍សំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេស ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ា រ៉ាហ្គេម លើកទី១២ ដែលបានបញ្ចប់ទៅយ៉ាងជោគជ័យ ។
សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានទទួលស្គាល់តួនាទីដ៏សំខាន់ នៃវិស័យឯកជន ជាពិសេស វិនិយោគិនក្នុងស្រុក ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ និងតែងចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ។ ជាក់ស្ដែង តាមរយៈទិន្នន័យកត់ត្រាដោយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ ២០២២ ទុនវិនិយោគក្នុង ស្រុកប្រចាំឆ្នាំ តែងតែបានឈរនៅលំដាប់លេខរៀងទីមួយ ឬទីពីរ នៃទុនវិនិយោគសរុប។ ទិន្នន័យនេះ បាន សបញ្ជាក់ឲ្យឃើញថា ការវិនិយោគក្នុងស្រុក ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ ។ ការខិតខំប្រឹងប្រែងការចែករំលែក និងការ ចូលរួមទាំងអស់នេះ បានធ្វើឲ្យកម្ពុជាសម្រេចបាននូវការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ច ពិសេសការងើប ឡើងវិញយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងការវិលត្រឡប់ទៅរកប្រក្រតីភាព ឡើងវិញ បន្ទាប់ពីទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ កូវីដ-១៩ និងក្នុងការគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិនៃជំងឺនេះបានយ៉ាងល្អប្រសើរ។ ជាលទ្ធផល សេដ្ឋកិច្ច កម្ពុជា ឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថា បានបន្តការកើនឡើងក្នុងអត្រាប្រមាណ៥,៤ភាគរយ ដោយ ឡែក នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងកំណើនរង្វង់៦,៦ភាគរយ ទោះបីកម្ពុជា ត្រូវហ៊ុមព័ទ្ធដោយបញ្ហាមិនប្រាកដប្រជា និងកំពុងប្រឈមមួយចំនួនក៏ដោយ។ កំណើន ដែលពោរពេញដោយថាមវន្ត និងចីរភាពនេះ មិនអាចកាត់ផ្ដាច់ ចេញពីការចូលរួមចំណែករបស់អ្នកឧកញ៉ា និងឧកញ៉ា និងជនរួមជាតិទាំងអស់គ្នានោះឡើយ។ សម្ដេចតេជោ បានកោតសរសើរយ៉ាងស្មោះស្ម័គ្រ ព្រម ទាំងថ្លែងអំណរគុណនូវការចែករំលែកធនធាន និងទឹកចិត្តលះបង់ចូលរួមកន្លងមក និងបានលើកទឹកចិត្ត ឲ្យស្មារតីវិជ្ជមានទាំងនេះ នៅមានបន្តតទៅទៀត ៕
