មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងជាមួយលោកខាងលិច ពាក់ព័ន្ធនឹងការងារនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ អាចនឹងទៅរួច បើសិនជាហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ប្រទេសមួយនេះនៅដដែល ស្របពេលដែលមានភាពជាប់គាំងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីងតោន ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ។

រយៈពេលជាច្រើនខែនៃកិច្ចប្រជុំដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីងតោន ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកទាំង ៦ប្រទេស បានជាប់គាំង ចាប់តាំងពីខែកញ្ញារហូតមក ក្នុងនោះភាគីទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានទាមទារដោយគ្មានហេតុផល ។
ការឯកភាពបែបការពាររបស់លោក Ali Khamenei បានកើតមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីងតោន ច្រានចោលសេចក្តីរាយការណ៍ថា ពួកគេជិតឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលតម្រូវឲ្យអ៊ីរ៉ង់ ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាការដោះដូរនឹងការដកចេញទណ្ឌកម្មសេដ្ឋកិច្ច ។
គួរឲ្យដឹងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានកម្រិតសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ដើម្បីរារាំងទីក្រុងតេអេរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរ ជាការដោះដូរនឹងទណ្ឌកម្មអន្តរជាតិ ។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំ ២០១៨ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយនេះ និងដាក់ទណ្ឌកម្មឡើងវិញ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់ និងធ្វើឲ្យទីក្រុងតេអេរ៉ង់ លែងអនុវត្តន៍បន្តិចម្តងៗការរឹតត្បិតមាននៅក្នុងកិច្ចព្រមព្រៀង ហើយនិងធ្វើឲ្យកើតមានក្តីបារម្ភរបស់សហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ីស្រាអែលថា អ៊ីរ៉ង់អាចនឹងស្វែងរកការផលិតគ្រាប់បែកបរមាណូរបស់ខ្លួន ៕
