ភ្នំពេញ ៖ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះបានរៀបចំពិធី បញ្ចុះបឋមសិលា សាងសង់ វិមាន រដ្ឋធម្មនុញ្ញ នៅជិតវិមានឯករាជរាជ្យ ដើម្បីជានិមិត្តរូបប្រវត្តិសាស្រ្តរម្លឹកដល់ភាពជោគជ័យនៃការបង្កើតរដ្ឋធម្មនុញ្ញ ដែលមានអាយុកាល ៣០ ឆ្នាំ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយសមាជិក សមាជិក និងមន្ត្រីអគ្គលេខាធិការដ្ឋានជាច្រើនរូបទៀត។
ឯកឧត្តម អ៊ឹម ឈុនលឹម បានថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនេះថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះ បានការ ឯកភាពពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០២២កន្លងទៅ ក្នុងគោលបំណង លើកតម្កើងដល់ការ អនុវត្តរដ្ឋធម្មនុញ្ញ តាំងពី ឆ្នាំ១៩៩៣ ដែលមានអាយុកាល ៣០ ឆ្នាំ។ ប៉ុន្តែរដ្ឋធម្មនុញ្ញនេះទទួលបានការអនុវត្តកាន់តែរឹងមាំ និង មានប្រសិទ្ធភាព ទៀតនោះ គឺក្រោយសមាហរណកម្មក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែល ធានាបាននូវស្ថិរភាពនយោបាយពេញលេញ។
ឯកឧត្តម អ៊ឹម ឈុនលឹម បញ្ជាក់ថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះ ក្នុងគោលដៅឲ្យយុវជនជំនាន់ក្រោយបានចងចាំ និងស្វែងយល់ពីតម្លៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញនេះបង្កើតមកដោយសារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ភាគី ពាក់ព័ន្ធ ជាពិសេសភាពប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបអាចធានាឲ្យកម្ពុជាអនុវត្តរដ្ឋធម្មនុញ្ញដោយជោគជ័យ។
សូមជម្រាបថា វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបត្យកររៀបចំសាងសង់ឡើងពាក់ព័ន្ធនឹងការរចនានៅលើសន្លឹកទ្វារទាំង ៤ ដែលឆ្លុះបញ្ចាំងទៅលើទស្សនៈគុណតម្លៃនៃរដ្ឋធម្មនុញ្ញនិយមទំនើបដូចជា គុណតម្លៃនីតិរដ្ឋ, គុណតម្លៃប្រជាធិបតេយ្យ, គុណតម្លៃនៃការបែងចែកអំណាចដាច់ពីគ្នានៃអំណាចទាំង ៣ របស់កម្ពុជា និងគុណតម្លៃនៃសិទ្ធិមនុស្សផងដែរ៕ អត្ថបទ ៖ សេក ឧត្តម





