
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ក្រុមសង្គ្រោះដែលប្រតិបត្តិការគ្រឿងចក្រធុនធ្ងន់បានធ្វើការពេញមួយយប់កាលពីថ្ងៃអាទិត្យ (១១ មិថុនា) បន្ទាប់ពីផ្នែកមួយនៃផ្លូវហាយវេដ៏សំខាន់នៅឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកបានបាក់នៅទីក្រុងហ្វីឡាឌែលហ្វៀ ពេលដែលរថយន្តដឹកដឹកប្រេងសាំងមួយគ្រឿងបានឆេះនៅក្រោមស្ពានឆ្លងកាត់នោះ។
ខ្សែវីដេអូពីលើអាកាសបានបង្ហាញគ្រឿងយន្តអេស្ការវ៉ាទ័រជីកកកាយកម្ទេចកម្ទីនៅទីតាំងនោះទាំងយប់ ខណៈដែលមានផ្សែងហុយចេញពីគំនរបាក់បែកនៃផ្នែកដែលបានបាក់នៅគន្លងខាងជើងនៃផ្លូវ I-95 ដែលជាចំណុចប្រសព្វអន្តររដ្ឋខាងជើងនិងខាងត្បូងនៅឆ្នេរសមុទ្រខាងកើត។ ទីតាំងដែលរងផលប៉ះពាល់នៃច្រករបៀង I-95 ស្ថិតនៅប៉ែកឦសាននៃទីក្រុងហ្វីឡាឌែលហ្វៀ ហើយភ្ជាប់ទីក្រុងនេះទៅជាយក្រុងភាគខាងជើង ដូចជាតំបន់ Bucks County ជាដើម។
ពុំមានរបាយការណ៍បញ្ជាក់ពីអ្នកស្លាប់ ឬរបួសនោះទេ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ស្ថានភាពនៅតែរលូន ហើយក្រុមអ្នកស៊ើបអង្កេតកំពុងបន្តស្វែងរកដើមដានកន្លែងកើតហេតុនេះ។
អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា តាមដំណើរទំនងនេះ នឹងចំណាយពេល "ប៉ុន្មានខែ" ដើម្បីស្ថាបនានូវផ្លូវដែលមានរថយន្តប្រហែល១៦០.០០០ គ្រឿង ឆ្លងកាត់ជារៀងរាល់ថ្ងៃនេះឡើងវិញ។ លោកបាននិយាយថា រូបលោកនឹងចុះហត្ថលេខាលើសេចក្តីប្រកាសគ្រោះមហន្តរាយនៅថ្ងៃច័ន្ទ (១២ មិថុនា)នេះ ដើម្បីប្រើប្រាស់មូលនិធិសហព័ន្ធនិងជំនួយផ្សេងៗទៀតក្នុងការស្ថាបនាផ្លូវនេះឡើងវិញ៕
