ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានផ្សព្វផ្សាយឱ្យដឹងថា ដោ យទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលក្រាបបង្គំគាល់ថា្វយព្រះពរចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត ក្នុងឱកាសនៃការឈានជិតមកដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៧ ព្រះវស្សា យាងចូល៨៨ ព្រះវស្សា នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ក្នុងទិវាដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមង្គលបវរមហាប្រសើរបំផុត ឯកឧ ត្តមប្រធាន ស.ស.យ.ក. បានក្រាបបង្គំទូលថ្វាយនូវសកម្មភាពមួយចំនួនដែល ស.ស.យ.ក. សម្រេចបានកន្លងមក ក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងស្របតាមគន្លងព្រះមហាករុណាទិគុណ និងព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។
បន្ទាប់ពីព្រះអង្គទ្រង់ព្រះសណ្តាប់របាយការណ៍សកម្មភាព សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ មានព្រះសុវណ្ណី កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមា ជិកា ស.ស.យ.ក. ទូទាំងប្រទេស ដែលបានផ្តួចផ្តើម និងអនុវត្តនូវកិច្ចការសំខាន់ៗជូនជាតិមាតុភូមិ។ ក្នុងនោះដែរ ដើម្បីជាការចូលរួមចំណែក និងលើកទឹកចិត្តដល់កូនចៅ ចៅទួត សម្តេចព្រះមហាក្សត្រី ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រទានព្រះរាជអំណោយជាថវិកាមួយម៉ឺនដុល្លារសហរដ្ឋអាម៉េរិក រួមជាមួយសារុងចំនួន ១០០ ដល់ ស.ស.យ.ក. សម្រាប់ការបំពេញបេសកកម្មស្របតាមបុព្វហេតុរួមរបស់ខ្លួន ដើម្បីប្រទេសជាតិ និងប្រជាជន៕ ដោយ៖ គង់ ឌិន


