អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកព័ត៌មានបន្ថែមដើម្បីដឹងច្បាស់ពីការឃុំខ្លួនពលរដ្ឋអាមេរិក លោក Michael Travis Leake អាយុ ៥១ឆ្នាំ នៅក្នុងប្រទេសរុស្ស៊ី និងធ្វើការដើម្បីឲ្យកុងស៊ុលស្វះស្វែងរកព័ត៌មានលម្អិតពីតន្ត្រីករ និងជាអតីតទាហានឆត្រយោង។

តន្ត្រីករ និងជាអតីតទាហានឆ័ត្រយោងអាមេរិក ត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ពីបទចោទប្រកាន់ជួញដូរគ្រឿងញៀន ហើយការបង្ហាញខ្លួននៅតុលាការរបស់លោកត្រូវបានដាក់នៅក្នុងបន្ទាប់ឃុំឃាំងដែក ដែលត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោក Leake ត្រូវបានឃុំខ្លួននៅទីក្រុងមូស្គូ ហើយមន្ត្រីមកពីស្ថានទូតអាមេរិកនៅទីនោះ បានចូលរួមក្នុងការនាំខ្លួនលោកមកសាកសួរកាលពីថ្ងៃទី១០ ខែមិថុនា។
ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍ថា ប្រសិនបើរកឃើញថាមានទោស លោក Leake អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ។
នៅពេលដំបូង លោក Leake បានមកទីក្រុងមូស្គូ ក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេស និងជួយបកប្រែបទចម្រៀងសម្រាប់ក្រុមតន្រ្តីរុស្ស៊ី។

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំមុន សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋរបស់ខ្លួនម្តងហើយម្តងទៀតឱ្យចាកចេញពីប្រទេសរុស្ស៊ីដោយសារតែហានិភ័យនៃការចាប់ខ្លួនតាមអំពើចិត្តឬការយាយីដោយភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី៕