សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសរៀបចំការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិ “ពានរង្វាន់ធនាគារកាណាឌីយ៉ា” ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដាខាងមុខ នៅរង្វង់មូលនាងទេពមច្ឆា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សម្រាប់ការប្រកួតជើងឯកប្រចាំឆ្នាំ ដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នេះ សហព័ន្ធបានកំណត់វិញ្ញាសាប្រកួតចំនួន ៤ រួមមានវិញ្ញាសា ៤នាក់ ទល់ ៤នាក់ផ្នែកបុរស និងនារី និងវិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកបុរស-នារី ។ ប៉ុន្ដែមុនការប្រកួតវិញ្ញាសានីមួយៗ ក៏នឹងមានការថ្លឹងទម្ងន់ត្រឹមត្រូវផងដែរ ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធ សម្រាប់ការប្រកួត ដែលសហការរៀបចំដោយក្រុមហ៊ុន OCIC នេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកបំផុស ពាក្យស្លោករបស់រាជរដ្ឋាភិបាល “ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត” ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឲ្យលេងកីឡា ដើម្បីទទួលបានសុខភាពល្អ មិត្តភាព សាមគ្គីភាព និងជំរុញការអភិវឌ្ឍវិស័យកីឡាប្រពៃណីមួយនេះឲ្យកាន់តែរីកចម្រើនផងដែរ ៕ អត្ថបទ៖ លី ឈុនឡា

