ក្រុមមន្ត្រីនិយាយថា អាជ្ញាធរក្នុងប្រទេសប៉ាគីស្ថាន បានចាប់ផ្តើមកិច្ចប្រឹងប្រែង ដើម្បីជម្លៀសពលរដ្ឋជាង៨ម៉ឺននាក់ ចេញពីផ្លូវនៃព្យុះស៊ីក្លូនដែលកំពុងខិតចូលជិតមកដល់ ដែលអាចបក់បោកចូលនៅតំបន់ភាគខាងត្បូងនៃខេត្ត Sindh និងរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា។

យោងតាមមន្ត្រីមកពីប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានឲ្យដឹងថា ព្យុះស៊ីក្លូន ដែលមានឈ្មោះថា Biparjoy (បៃប៉ចយ) ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមានបំណាក់ដីនៅរសៀលថ្ងៃព្រហស្បត៍រវាងតំបន់ Mandvi ក្នុងរដ្ឋ Gujarat និងទីក្រុង Karachi ក្នុងប្រទេសប៉ាគីស្ថាន ដែលមានល្បឿនខ្យល់អតិបរមា១២៥ ទៅ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយសន្ទុះខ្យល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
រដ្ឋមន្ត្រីប្រចាំខេត្ត Sindh លោក Murad Ali Shah បាននិយាយកាលពីថ្ងៃចន្ទថា ភាពអាសន្នត្រូវបានប្រកាស ហើយកងទ័ពត្រូវបានដាក់ពង្រាយដើម្បីជួយជម្លៀសពលរដ្ឋជាង៨ម៉ឺននាក់ដែលស្ថិតក្នុងហានិភ័យ។
លោក Shah បានប្រាប់អ្នកសារព័ត៌មានថា យើងនឹងមិនស្នើសុំដល់ពលរដ្ឋនោះទេ ប៉ុន្តែទាមទាឲ្យពួកគេជម្លៀសខ្លួន ហើយបទបញ្ជាត្រូវបានចេញតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រះវិហារ និងសា្ថនីយ៍វិទ្យុ។
អ្នកនាំពាក្យរបស់លោក Shah បាននិយាយថា មនុស្ស២ពាន់នាក់ ត្រូវបានជម្លៀសរួចហើយ ពីតំបន់ Shah Bandar ជាទីក្រុងនេសាទ ជាទីតាំងក្នុងចំណោមដីសណ្តដើមកោងកាង៥៤គីឡូម៉ែត្រភាគខាងលិចរដ្ឋ Gujarat ។
ក្រសួងឧតុនិយមប្រទេសឥណ្ឌា បានណែនាំដល់សហគមន៍នេសាទដើម្បីបញ្ឈប់ប្រតិបត្តិការ ហើយពលរដ្ឋនៅតំបន់ឆ្នេរ Saurashtra និង Kutch របស់រដ្ឋ Gujarat ត្រូវជម្លៀសខ្លួនចេញ។
