ភ្នំពេញ ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាល និងបំពាក់ភីនវីរជនប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យចេនឡា ចំនួន ៣០០នាក់ នៅសកលវិទ្យាល័យចេនឡា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងពិធីសំណេះសំណាល និងបំពាក់ភីនវីរជនប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត កែររដ្ឋារដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ២៥ រាជធានី-ខេត្ត លោកជំទាវ ហង់ លីណា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ។
លោកស្រី ហែន ដាលីណែត សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យចេនឡា និងជាអនុប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យចេនឡា បានមានប្រសាសន៍ថា សាកលវិទ្យាល័យចេនឡា គឺជាសាកលវិទ្យាល័យឯកជនមួយ ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៧ គិតរហូតមកដល់បច្ចុប្បន្ននេះមានអាយុកាល១៦ឆ្នាំ។ ហើយបាននិងកំពុងបណ្តុះបណ្តាលលើមហាវិទ្យាល័យ ចំនួន ៥រួមមាន៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ, មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ។ សាកលវិទ្យាល័យចេនឡា បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សជាច្រើន ដែលបាននិងកំពុងបំពេញការងារនៅស្ថាប័នសាធារណៈឯកជន និងអង្គការនានានៅក្នុងប្រទេស និងក្រៅប្រទេស។ ហើយជានិច្ចកាល សាកលវិទ្យាល័យ តែងតែចូលរួមសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រើនចាប់តាំងពីបានបង្កើតសាកលវិទ្យាល័យចេនឡា នៅឆ្នាំ២០០៧ មកម្លេះ។ លោកស្រី ហែន ដាលីណែត បានលើកឡើងទៀតថា នៅពេលប្រទេសកម្ពុជាចាប់ផ្តើមផ្ទុះរីករាលដាលជំងឺកូវីដ-១៩ សាកលវិទ្យាល័យចេនឡា មិនត្រឹមតែមិនបានអោបដៃឈរមើលភាពលំបាករបស់ប្រជាជន និងរាជរដ្ឋាភិបាលនោះទេ ថែមទាំងបានចូលរួម និងគាំទ្រជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំប្រយុទ្ធប្រឆាំងជាមួយ និងសត្រូវឥតស្រមោលមួយនេះ តាមរយៈថវិកា សម្ភារៈវេជ្ជសាស្ត្រ និងបានលើកទឹកចិត្តឱ្យលោក លោកស្រីសាស្ត្រាចារ្យ បុគ្គលិក និងជាពិសេសប្អូនៗនិស្សិត និងអតីតនិស្សិត តាមរយៈការហៅទូរសព្ទទៅកាន់អាណាព្យាបាលរបស់និស្សិតម្នាក់ៗ ដើម្បីចូលរួមធ្វើជាយុវជនស្ម័គ្រចិត្ត ដើម្បីចូលរួមអប់រំសុខភាព យុទ្ធនាការចាក់វ៉ាក់សាំងក្របខ័ណ្ឌទូទាំងប្រទេសទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងស្ថានភាពដ៏លំបាកនាពេលនោះ ដែលអាចប្រឈម និងការគ្រោះថ្នាក់ដល់ការបាត់បង់អាយុជីវិតគ្រប់ពេលវេលា។ ហើយនាពេលបច្ចុប្បន្ននេះក៏នៅបន្តចូលរួមយ៉ាងសកម្មជាមួយសកម្មភាពមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តាមរយៈបង្រៀនវគ្គសង្គ្រោះបឋម ព្រមទាំងពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានទាំង ២៥រាជធានី-ខេត្ត។
ជាមួយគ្នានោះដែរ លោកបណ្ឌិត អ៊ី លីម៉ា អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានលេខាធិការដ្ឋានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូចនេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
នាឱកាសនោះឯកឧត្តម លេង ផាលី បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យចេនឡា ដែលបានចូលរួមស្ម័គ្រចិត្តយ៉ាងផុលផុស ចំពោះឆន្ទៈដ៏ប្រពៃនៃការចូលរួមសកម្មភាពមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាពិសេសសក្តានុពល និងឧត្តមប្រយោជន៍កើតចេញពីការងារស្ម័គ្រចិត្តនេះ តាមរយៈការឈ្លេចយកនូវបទពិសោធន៍ជាក់ស្តែងនៃសកម្មភាពការងារ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ ទន្ទឹមនឹងនោះដែរ ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១២ មិថុនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន១២,០៦៩នាក់ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២៥រាជធានី-ខេត្ត។
ជាចុងក្រោយឯកឧត្តម លេង ផាលី បានអញ្ជើញបំពាក់ ភីនវីរជន ជូនបុគ្គលិក សាស្រ្តាចារ្យ និសិ្សត និងអតីតនិសិ្សត ជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យចេនឡា បានចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ចំនួន៣០០នាក់ផងដែរ៕ អត្ថបទ៖ រដ្ឋា















