ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួបជាមួយកម្មករនិយោជិត គឺសម្ដេចបានទទួលរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត និងបានយកបញ្ហានោះមកធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាករណីកាលពីមុនមានកម្មការិនីនៅតាមរោងចក្រមួយចំនួនបានដួលសន្លប់ គឺត្រូវបានធ្វើការដោះស្រាយ។ជារួមរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងបញ្ហាធំ និងបញ្ហាតូចរបស់កម្មករនិយោជិត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះ គោលនយោបាយប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិត ក៏ជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនៅពេលមានវ័យចំណាស់ទៅ គឺមិនចាំបាច់ពឹងផ្អែកតែនៅលើកូននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺបានកើតឡើងពីការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល និងរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់របស់គណបក្សនយោបាយមួយចំនួន ប៉ុន្ដែគណបក្សប្រជាជនមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ។ គណបក្សប្រជាជនធ្វើអ្វីជាមួយប្រជាពលរដ្ឋគឺធ្វើតែម្ដងលើអ្វីដែលត្រូវធ្វើ និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចជាករណីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាដើមរាជរដ្ឋាភិបាលរកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនៅតែបន្តតាមដានលើស្ថានការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅឡើយពីព្រោះបញ្ហាកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយទេ។ សម្ដេចជំរុញឱ្យ បន្ត ការយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបន្ថែមដល់ប្រជាពលរដ្ឋ ពីព្រោះបច្ចុប្បន្នពិភពលោកមិនអាចដឹងថា នាពេលខាងមុខជំងឺនេះ នឹងមានការវិវត្តទៅជាប្រភេទថ្មីអ្វីទៀតនោះទេ។
សម្តេចតេជោ ហ៊ុន សែន រម្លឹកពីការឈឺចាប់ និងក្ដីសោកសង្រែងរបស់សម្ដេចក្នុងពេលតស៊ូ ដើម្បីធ្វើដំណើរទៅរំដោះជាតិមាតុភូមិ ទៅកាន់ប្រទេសវៀតណាម។ ពេលនោះសម្ដេច បានទៅដល់ប្រទេសវៀតណាមបានទទួលទានបាយដោយស្រក់ទឹកភ្នែក ដោយសារប្រពន្ធកូនកំពុងរងទុក្ខ ព្រោះសង្គ្រាមនៅក្នុងប្រទេសកម្ពុជានាពេលនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការស្វែងរកសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។
សម្តេចតេជោ បញ្ជាក់ថា ការធ្វើឱ្យប្រទេសមានសង្គ្រាមគឺរហ័សណាស់ គឺគ្រាន់តែសម្រេចចិត្ត ១០ នាទី គឺអាចធ្វើឱ្យប្រទេសមានសង្គ្រាមបាត់ទៅហើយ ប៉ុន្ដែបញ្ឈប់សង្គ្រាមទៅវិញទេ ដែលមានការលំបាកខ្លាំងណាស់។
សម្តេចតេជោ ហ៊ុន សែន លើកឡើងបន្ថែមទាក់ទងនឹងករណីសង្គ្រាមនេះ ដូចជាប្រទេសអ៊ុយគ្រែន និងប្រទេសរ៉ុស្ស៊ី គឺសង្គ្រាមនេះពិបាកនឹងបញ្ចប់ណាស់ បើប្រទេសទាំងពីរនៅតែបន្តធ្វើការវាយប្រហារគ្នាទៅវិញទៅមក ហើយមានតែការសន្ទនាចរចាគ្នាទេ ដែលអាចដោះស្រាយសង្គ្រាមនៅប្រទេសទាំងពីរនេះបាន។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិតត្រូវរួមគ្នាធ្វើយ៉ាងណា ធ្វើឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន គឺកម្មករនិយោជិត និងម្ចាស់រោងចក្រត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ នៅក្នុងរោងចក្ររបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានភាពនៃការវិនិយោគលើវិស័យរោងចក្រនៅក្នុងប្រទេសកម្ពុជា ឱ្យរឹតតែមានការរីកចម្រើន។ សម្ដេចតេជោ បន្តថា ទោះពីជាពិភពលោកកំពុងមានបញ្ហាអតិផរណាលើផ្នែកសេដ្ឋកិច្ចមិនច្បាស់លាស់ ប៉ុន្ដែប្រទេសកម្ពុជា បានខិតខំធ្វើបែបណាឱ្យមានលំនឹងក្នុងការវិនិយោគ និងការនាំចេញ និងនាំចូលទំនិញ រួមនឹងការផ្ដល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ ពង្រាងស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រង់មាត្រា ១៤២ ថ្មី ដែលក្នុងនោះឈានទៅធ្វើការផាកពិន័យ ចំពោះបុគ្គលណាដែលធ្វើឱ្យមានភាពវឹកវរដល់ការបោះឆ្នោត និងធ្វើសកម្មភាពរារាំង ញុះញង់ដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតជាដើម។
















