អង្គភាពនគរបាលពិសេសកូសូវ៉ូ បានយាមកាម នៅទីក្រុង Mitrovica បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នា កាលពីថ្ងៃអង្គារ (ទី១៣ ខែមិថុនា) ជុំវិញការចាប់ខ្លួនមនុស្សម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងអំពើហិង្សា រវាងបាតុករស៊ែរប៊ី និងកងរក្សាសន្តិភាពអង្គការណាតូ នៅភាគខាងជើងប្រទេសកូសូវ៉ូ កាលពីខែឧសភា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូសូវ៉ូ បានឲ្យដឹងនៅលើបណ្ដាញសង្គម Facebook ថា ជនសង្ស័យ គឺជាសមាជិកនៃ«ក្រុមឧក្រិដ្ឋជន» និងជាអ្នករៀបចំការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូ។
ជនជាតិស៊ែរប៊ីប្រហែល២០០នាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុង Mitrovica ខាងជើង ដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួននេះ ដោយនគរបាលកូសូវ៉ូ-អាល់បានី ដែលមានឧបករណ៍ប្រឆាំងកុបកម្ម ឈរនៅចម្ងាយប្រមាណជា ២-៣រយម៉ែត្រ ពីទាហានសហរដ្ឋអាមេរិក ខណៈកម្លាំងរក្សាសន្តិភាព KFOR ក៏នៅក្បែរនោះដែរ។
កងរក្សាសន្តិភាពប្រមាណ ៣០នាក់ និងជនជាតិស៊ែរប៊ី ៥២នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាលពីចុងខែមុន នៅពេលដែលអំពើហិង្សាបានផ្ទុះឡើង បន្ទាប់ពីអាជ្ញាធរកូសូវ៉ូ បានតែងតាំងអភិបាលក្រុងជនជាតិអាល់បានី នៅក្នុងការិយាល័យក្រុងនៅភាគខាងជើងកូសូវ៉ូ ជាទីដែលមានប្រជាជនស៊ែរប៊ីភាគច្រើនរស់នៅ៕
