អង់គ្លេស ៖ ក្រុមវេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសអង់គ្លេស ចាប់ផ្តើមកូដកម្មថ្មីរយៈពេល ៧២ ម៉ោងជុំវិញបញ្ហាប្រាក់ឈ្នួលនៅថ្ងៃពុធនេះ ដោយជំរុញឱ្យមានការព្រមានពីក្រុមមន្ត្រីសុខាភិបាលអំពីការរំខានយ៉ាងខ្លាំងដល់បណ្ដាអ្នកជំងឺ និងសេវាថែទាំសុខភាព។ ការចេញតវ៉ាចុងក្រោយបំផុតដោយក្រុមវេជ្ជបណ្ឌិតវ័យក្មេង ដែលស្ថិតនៅក្រោមតំណែងកម្រិតទីប្រឹក្សា ចាប់ផ្តើមកាលពីម៉ោង ៧ ព្រឹកម៉ោងក្នុងស្រុក ហើយត្រូវបានកំណត់រហូតដល់ថ្ងៃសៅរ៍។
គណៈកម្មាធិការក្រុមវេជ្ជបណ្ឌិតវ័យក្មេងនៃសមាគមវេជ្ជសាស្ត្រអង់គ្លេស (BMA) និយាយថា ក្រុមគ្រូពេទ្យទទួលបានការកាត់បន្ថយប្រាក់ឈ្នួលចំនួន ២៦ ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែងក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ខណៈប្រាក់បៀវត្សរ៍មិនបានស្ថិតក្នុងកម្រិតដូចគ្នាជាមួយនឹងកំណើនអតិផរណានោះទេ។
ពួកគេចង់បានកម្រិតប្រាក់បៀវត្សរ៍កាលពីឆ្នាំ ២០០៨ និង២០០៩ឡើងវិញ ប៉ុន្តែរដ្ឋាភិបាលនិយាយថា នោះនឹងមានន័យថាប្រាក់ឈ្នួលមធ្យមគឺកើនឡើងប្រហែល ៣៥ ភាគរយនៅឆ្នាំនេះ ដែលវាជាតួលេខខ្ពស់ខ្លាំងពេក។ នេះគឺជាកូដកម្មចុងក្រោយបង្អស់នៅក្នុងសេវាសុខភាពជាតិដែលផ្តល់មូលនិធិដោយរដ្ឋ ហើយត្រូវបានគេឃើញថាមានការចូលរួមពីគិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យផ្សេងទៀតក្នុងការទាមទារប្រាក់ខែបន្ថែម៕

