ជប៉ុន ៖ សមាជិកងកម្លាំងស្វ័យការពារជប៉ុន (GSDF) និងក្រុមនគរបាល បានស្ថិតនៅទីតាំងហ្វឹកហាត់យោធា ក្រោយកូនទាហានវ័យ ១៨ឆ្នាំម្នាក់ បាញ់សម្លាប់គ្រូបង្វឹកយោធា ២នាក់ និងបានធ្វើឲ្យរបួសគ្រូបង្វឹកទី ៣នៅថ្ងៃពុធនេះ ។
លោក Yasunori Morishita គឺជានាយអគ្គសេនាធិការកងទ័ពនៃកងកម្លាំង GSDF បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយហេតុការណ៍បាញ់ប្រហារថា គ្រូបង្វឹក ៣នាក់ដែលទូរទស្សន៍រដ្ឋ NHKរាយការណ៍ថា រួមមានទាំងបុរសវ័យជាង ៥០ឆ្នាំម្នាក់ និង ២នាក់ទៀត មានវ័យជាង ២០ឆ្នាំនោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាទីដែលមនុស្ស ២នាក់ បានស្លាប់ ។
លោក Morishita បន្តថា ឧបទ្ទេវហេតុនេះ ដែលបានកើតឡើងនៅវេលាម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក គឺជាករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់មនុស្សលើកដំបូងនៅកន្លែងរៀនបាញ់កាំភ្លើងរបស់កងកម្លាំង GSDF ចាប់តាំងពីឆ្នាំ ១៩៨៤មក ។ ឃាតករទើបតែចូលបម្រើកងទ័ពកាលពីខែមេសាប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ករណីបាញ់ប្រហារកម្រកើតមានខ្លាំងណាស់នៅក្នុងប្រទេសជប៉ុន ជាទីដែលការគ្រប់គ្រងអាវុធ ត្រូវបានរឹតត្បិតយ៉ាងតឹងរឹងបំផុត ហើយអ្នកដែលចង់គ្រប់គ្រងអាវុធ ត្រូវតែឆ្លងកាត់ដំណើរការពិនិត្យយ៉ាងហ្មត់ចត់ ៕

