សៀមរាប៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះទៅពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ទីដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើការផ្លាស់ប្តូរទីលំនៅចេញពីរមណីយដ្ឋានអង្គរ។ អមដំណើរក្នុងការអញ្ជើញចុះពិនិត្យនាពេលនេះ មានវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងលេខាធិការដ្ឋាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។
ក្រុមអ្នកជំនាញការបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃលេចធ្លោនៃរមណីយដ្ឋានអង្គរ ដោយបន្តលើកឲ្យគោរព និងស្របតាមគោលការណ៍របស់អង្គការយូណេស្កូ។
បន្ថែមពីនោះ ក្រុមអ្នកជំនាញការបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការអភិវឌ្ឍដែលកំពុងមាននៅតំបន់ទាំងពីរខាងលើ៕