ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីកន្លងទៅថ្មីៗនេះ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមនិស្សិត ដែលកំពុងអនុវត្តគម្រោងប្រើប្រាស់បច្ចេកវិទ្យាក្នុងការចិញ្ចឹមត្រី ហៅកាត់ថា "FlexFloc" នៅទីស្តីការក្រសួង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសៀលថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមនិស្សិត ឲ្យចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ជាពិសេសវិស័យវារីវប្បកម្ម។
ជាមួយគ្នានេះ ឯកឧត្តម បានណែនាំក្រុមនិស្សិតត្រូវសិក្សាបន្ថែមទៀត លើការងារបច្ចេកទេស ដោយមិនត្រឹមតែគិតគូរលើទឹក និងកម្រិត pH ប៉ុណ្ណោះទេ តែត្រូវសហការជាមួយជំនាញជលផល ដើម្បីយកចិត្តទុកដាក់លើបច្ចេកវិទ្យា បច្ចេកទេស ខ្សែច្រវាក់តម្លៃ ការប្រកួតប្រជែង ដើម្បីឱ្យមាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះទៀត ត្រូវមានគោលដៅ និងផែនការអនុវត្តច្បាស់លាស់ ព្រមទាំងមានការតាំងចិត្តខ្ពស់ នោះក្រសួងនឹងជួយគាំទ្រទាំងបច្ចេកទេស ជំនាញ ឧបករណ៍ និងថវិកាផងដែរ។
ក្រសួងកសិកម្ម បានបញ្ជាក់ថា FlexFloc គឺជាប្រព័ន្ធគ្រប់គ្រង និងថែទាំគុណភាពទឹក តាមរយៈការត្រួតពិនិត្យលើកម្រិតអុកស៊ីសែន សីតុណ្ហភាព និង pH ក្នុងទឹកគ្រប់ពេលគ្រប់ទីកន្លែង (Internet of things -IoT) លើបច្ចេកវិទ្យា Biofloc ដែលគិតគូរដល់អតិសុខុមប្រាណ៕





