មហាក្សត្រប្រទេសប៊ែលហ្សិក Philippe និងមហាក្សត្រប្រទេសហ្ស៊កដានី Abdullah បានយាងចូលរួមសមយុទ្ធយោធារួមគ្នានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រតិបត្តិការពិសេស មហាក្សត្រ Abdullah II នៅទីក្រុង Amman ប្រទេសហ្ស៊កដានី កាលពីថ្ងៃពុធទី១៤ ខែមិថុនា។

យោងតាមគេហទំព័រផ្លូវការនៃទីបញ្ជាការកណ្តាល Royal Hashemite បានឲ្យដឹងថា សមយុទ្ធដែលមានឈ្មោះថា «AGILE APEX 23» (អេចាល អេប៉ិច 23) ត្រូវបានធ្វើឡើងដោយក្រុមកងកម្លាំងពិសេសរបស់មហាក្សត្រ Abdullah II (ជាអង្គភាពពិសេសទី១០១) និងក្រុមកងកម្លាំងពិសេសប្រទេសប៊ែលហ្ស៊ិក។ វីដេអូមកពីរាជដំណាក់ហ្ស៊កដានី បានបង្ហាញមហាក្សត្រ Abdullah និងមហាក្សត្រ Philippe យាងទតសមយុទ្ធនេះ។
យោងតាមទីបញ្ជាការកណ្តាល Royal Hashemite បានឲ្យឹងថា ការយាងចូលរួមរបស់មហាក្សត្រ Philippe នៅក្នុងសមយុទ្ធនេះ កើតមានឡើង ខណៈជាផ្នែកនៃព្រះរាជដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់ព្រះអង្គមកកាន់ប្រទេសហ្ស៊កដានី។
សមយុទ្ធនេះប្រៀបប្រដូចប្រតិបត្តិការនានា នៅតំបន់ទីក្រុងដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម និងចូលរួមក្នុងស្ថានភាពប្រយុទ្ធតទល់កៀកគ្នា។ មហាក្សត្រ Abdullah និងមហាក្សត្រ Philippe បានធ្វើសន្និសីទសារព័ត៌មានលើសេណារីយោនៃសមយុទ្ធ ដែលមានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ និងលើកកម្ពស់ការសម្របសម្រួល។
មហាក្សត្រទាំងពីរព្រះអង្គ ទ្រង់បានពិនិត្យមើលការតាំងបង្ហាញសព្វាវុធ ដែលបង្ហាញពីឧបករណ៍ សម្ភារៈ និងគ្រាប់រំសេវ ដែលប្រើប្រាស់ក្នុងសមយុទ្ធ។
