ការនាំចេញ និងទិន្នផលរោងចក្រនៅក្នុងសេដ្ឋកិច្ចចិន បានដួលរលំនៅក្នុងខែឧសភា ស្របពេលដែលការធ្លាក់ចុះបែបនេះ បង្ខំឲ្យសហរដ្ឋអាមេរិក និងអឺរ៉ូប កាត់បន្ថយការបញ្ជាទិញទំនិញផលិតនៅក្នុងប្រទេសចិន ។

ក្រុមសិទ្ធិមនុស្ស និងក្រុមសេដ្ឋវិទូ និយាយថា កូដកម្មនៅតាមរោងចក្រចិន បានហក់ឡើងខ្ពស់ក្នុងរយៈពេល ៧ឆ្នាំ ហើយគេរំពឹងថា នឹងកើតមានញឹកញាប់ ស្របពេលដែលតម្រូវការសកលទន់ខ្សោយ បង្ខំឲ្យក្រុមហ៊ុននាំចេញ កាត់បន្ថយការចំណាយលើកម្មករ និងបិទរោងចក្ររបស់ពួកគេ ។
យោងតាមការអះអាងរបស់ក្រុមស្រាវជ្រាវការងារចិន បានឲ្យដឹងថា រោងចក្រមួយចំនួន បានបិទទ្វារ ឬពិបាកបើកប្រាក់ខែឲ្យកម្មករ ឬបញ្ឈប់ការងារកម្មករ ដោយសារតែលទ្ធផលបែបនេះ ។
ពួកគេបន្តថា នោះហើយគឺជាហេតុផលនាំឲ្យកើតមានជម្លោះការងារដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងទំនុកចិត្តធុរកិច្ច ស្របពេលដែលពួកគេទើបងើបពីការទប់ស្កាត់ជំងឺ COVID-19រយៈពេល ៣ឆ្នាំ ។
លោក Aidan Chau គឺជាអ្នកស្រាវជ្រាវនៅក្រុមសិទ្ធិមនុស្ស China Labour Bulletin (CLB)ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និយាយថា ពួកយើងមានជំនឿថានឹងមានការធ្លាក់ចុះការបញ្ជាផលិត ហើយការបិទរោងចក្រ នឹងបន្ត ។ ក្រុមម្ចាស់រោងចក្រ ចង់កាត់បន្ថយការចំណាយ តាមរយៈការបញ្ឈប់ការងារកម្មករ ។
ក្រុម CLBបានរកឃើញការធ្វើកូដកម្មជាង ១៤០លើកនៅតាមរោងចក្រទូទាំងប្រទេស អំឡុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីការរកឃើញការធ្វើកូដកម្ម ៣១៣លើក អំឡុងពេលតែមួយកាលពីឆ្នាំ ២០១៦ ។
ទិន្នន័យរបស់ក្រុមសិទ្ធិមនុស្សមួយនេះ ភាគច្រើនផ្អែកលើបាតុកម្មរាយការណ៍នៅលើបណ្តាញព័ត៌មានសង្គម ។
ក្រុម CLB និយាយថា កូដកម្មភាគច្រើន កើតឡើងនៅតំបន់ផលិតកម្មខេត្តក្វាងទុង តំបន់ដីសណ្តទន្លេយ៉ាងហ្សេ និងនៅតាមក្រុមហ៊ុននាំចេញ រួមទាំងនៅតាមរោងចក្រកាត់ដេរ រោងចក្រស្បែកជើង និងរោងចក្រផលិតក្រដាសកាតុង ៕