ក្រុមអ្នកបុរាណវត្ថុវិទូ បាននិយាយកាលពីថ្ងៃពុធ (១៤ មិថុនា)ថា សាកសពម៉ាំមីមួយដែលមានអាយុប្រហែល ៣.០០០ ឆ្នាំត្រូវបានគេរកឃើញនៅជិតរដ្ឋធានីលីម៉ារបស់ប្រទេសប៉េរូ។

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ សាន ម៉ាក្រោះ (San Marcos) និងក្រុមអ្នកស្រាវជ្រាវដំបូងបានរកឃើញសំណល់សក់ និងលលាដ៍ក្បាលនៅក្នុងបណ្តុំទ្រង់ទ្រាយដើមកំឡុងពេលធ្វើកំណាយ។ ការងារបន្ថែមទៀតនៅឯបុរាណស្ថាន Huaca La Florida នៅកណ្តាលជ្រលង Rimac ក្រោយមកបានបង្ហាញសាកសពម៉ាំមីដែលនៅសល់។
ចាប់តាំងពីពេលនោះមក ក្រុមបុរាណវិទូបានរកឃើញវត្ថុផ្សេងទៀតដែលកប់ជាមួយសាកសពដូចជា សំបកដប ផ្លែពោត ស្លឹកកាកាវ និងគ្រាប់ធញ្ញជាតិ។ ក្រុមអ្នកជំនាញជឿថាវាអាចជាផ្នែកមួយនៃការគោរពបូជាសាកសព។ សាកសពម៉ាំមីនោះ ត្រូវបានគេជឿថាមកពីសម័យកាលវប្បធម៌ម៉ាណឆាយ (Manchay) ដែលបានរីកចម្រើននៅជ្រលងភ្នំនៃទីក្រុងលីម៉ា ចន្លោះឆ្នាំ ១.៥០០ និង ១.០០០ មុនគ.ស៕
