
នៅថ្ងៃព្រហស្បតិ៍នេះ រថយន្តដឹកទំនិញជាច្រើនគ្រឿង អាចមើលឃើញចតជាជួរនៅចំណុចឆ្លងកាត់ព្រំដែនដ៏សំខាន់របស់កូសូវ៉ូ ជាមួយប្រទេសស៊ែរប៊ី បន្ទាប់ពីយប់ថ្ងៃពុធ កូសូវ៉ូ បានហាមឃាត់រថយន្តដឹកទំនិញស៊ែរប៊ីទាំងអស់ មិនឲ្យចូលទឹកដីរបស់ខ្លួន ជាការឆ្លើយតបនឹងការចាប់ខ្លួនមន្ត្រីនគរបាលព្រំដែន ៣នាក់ ដោយក្រុមនគរបាលស៊ែរប៊ី ថ្វីត្បិតតែមានការហាមឃាត់រថយន្តទាំងអស់ដែលពាក់ស្លាកលេខស៊ែរប៊ីកាលពីយប់ថ្ងៃពុធក៏ដោយ សាក្សីម្នាក់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានមើលឃើញរថយន្តតូចៗ បើកឆ្លងកាត់ចំណុចព្រំដែន Merdare បើទោះជាក្នុងចំនួនតិចតួចក៏ដោយ ។
ក្រុមអ្នកបើកបររថយន្តដឹកទំនិញស៊ែរប៊ីក្នុងទឹកមុខក្រៀមក្រំ និងព្រួយបារម្ភ បាននាំគ្នារង់ចាំនៅចំណុចឆ្លងកាត់ព្រំដែន Merdareនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ លោក Nenad Nastasijevic អ្នកបើករថយន្តដឹកទំនិញស៊ែរប៊ីមួយរូបដែលដឹកគ្រឿងបង្គុំរថយន្តពីប្រទេសប៊ុលហ្គារី និយាយថា លោកមានជំនឿថា ពួកយើងត្រូវការរួបរួមគ្នា និងចូលរួមសន្ទនាមានមេត្តាធម៌ ដើម្បីស្វែងរកការសម្រុះសម្រួល ។ វាមិនគួរជាការចង់ឈ្នះ ចង់ចាញ់នោះទេ ប៉ុន្តែពួកយើងត្រូវតែរកចំណុចកណ្តាល ។
គួរឲ្យដឹងថា ភាពតានតឹងបានកើនឡើងម្តងទៀតកាលពីថ្ងៃពុធ ក្រោយពេលមន្ត្រីនគរបាលកូសូវ៉ូ ៣នាក់ ត្រូវបានឃាត់ខ្លួនដោយកងកម្លាំងស៊ែរប៊ីកាលពីយប់ថ្ងៃពុធ ប៉ុន្តែក្រុមមន្ត្រីមកពីកូសូវ៉ូ និងស៊ែរប៊ី បានផ្តល់ទីតាំងខុសគ្នាសម្រាប់ការចាប់ខ្លួននេះ ដោយពួកគេចោទប្រកាន់គ្នាទៅវិញទៅមកថា បានឆ្លងកាត់ព្រំដែនដោយខុសច្បាប់៕