ភ្នំពេញ៖ ចិន-អាស៊ាន ប្ដេជ្ញារួមគ្នាលើកកម្ពស់ប្រសិទ្ធភាព នៃអភិបាលកិច្ចសន្តិសុខព្រំដែន និងប្រែក្លាយព្រំដែន ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីរួមគ្នាទប់ស្កាត់រាល់បទ ល្មើសឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដូចជាបទល្មើសបច្ចេកវិទ្យា ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ជាដើម។
នៅក្នុងវេទិកាប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិន និងប្រទេសជិតខាង និងកិច្ចប្រជុំតុមូល លើកទី៤ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើជាម្ចាស់ នៅរសៀលថ្ងៃទី១៥ ខែមិថុនា នេះ ប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិន និងប្រទេសជិតខាង រួមមានប្រទេសអាស៊ានទំាង១០ ចិន នេប៉ាល់ និងប្រទេសស្រីលង្កា ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ នៃប្រទេសចិន បានឯក ភាពជួយគ្នា និងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈមន្ត្រីអនុវត្តច្បាប់ នៃប្រទេសនីមួយៗ ព្រម ទាំងលើកកម្ពស់ប្រសិទ្ធភាព នៃអភិបាលកិច្ចសន្តិសុខព្រំដែន។
ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការគាំទ្រចំពោះការ ផ្តួចផ្តើមគំនិតក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ការអន្តរជាតិបន្ថែមទៀត ក្នុងចំណោមបណ្ឌិត្យសភានគរបាល និងស្ថាប័នបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ នៃប្រទេសអាស៊ាន និងប្រទេសជិតខាងទាំងអស់ ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃ បាននឹងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ការអន្តរជាតិជាមួយប្រទេសនានា ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែន បច្ចេកវិទ្យា ជួញដូរគ្រឿងញៀន និងជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារ បណ្តុះបណ្តាល
ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិឱ្យបានប្រសើរឡើង។នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឲ្យដឹងថា វេទិកានេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការជួយគ្នានិងធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញ ទៅមក-ការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការ ស្ដីពីអភិបាលកិច្ចសន្តិសុខព្រំដែន ក្នុងយុគសម័យក្រោយជំងឺរាតត្បាតសកល» ដែលមានសមាសភាពចូលរួមផ្ទាល់ និងតាមអនឡាញ សរុប ចំនួនជាង ១៦០នាក់ មកពីស្ថាប័នបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ ចំនួន១៤ ក្នុងចំណោម១១ប្រទេស។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ប្រធានបទ នៃវេទិកានេះ ពិតជាមានសារៈសំខាន់ និងមាន លក្ខណៈបច្ចុប្បន្ន ភាពស្របនឹងស្ថានការណ៍ពិភពលោក បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ នាយឧត្តមសេនីយ៍ បង្ហាញសុទិដ្ឋិនិយមថា ចក្ខុវិស័យនេះ នឹងអាចសម្រេចបាន ដូចដែលបានលើកឡើងក្នុងឯកសារ «គំនិត ផ្ដួចផ្ដើមរួម» តាមរយៈកិច្ចសហប្រតិបត្តិការល្អជាប្រចាំ ការប្តេជ្ញាចិត្តរួមគ្នា និងការទទួលខុសត្រូវរួមគ្នា៕ អត្ថបទ៖ បាន ចក់