ឥណ្ឌា ៖ ប្រទេសឥណ្ឌាបានបន្តជម្លៀសអ្នកស្រុក ដែលរស់នៅតាមបណ្ដោយឆ្នេរសមុទ្រនៃរដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេស មុនពេលព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយ ដែលត្រូវបានគេរំពឹងថា នឹងបោកបក់មកដល់ដីគោក នៅល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា)នេះ។
ឆ្នេរមួយក្នុងទីក្រុងឆ្នេរសមុទ្រ Mandvi ហាក់ដូចជាត្រូវបានបោះបង់ចោល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរបានជម្លៀសមនុស្សជាង ៧៥.០០០នាក់រួចហើយពីសហគមន៍ដែលងាយរងគ្រោះ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។
នាយកដ្ឋានឧតុនិយមរបស់ឥណ្ឌា បានឲ្យដឹងថា ព្យុះស៊ីក្លូន Biparjoy ត្រូវបានគេរំពឹងថា នឹងបោកបក់មកដល់ដីគោក នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ រវាងក្រុង Mandvi របស់ឥណ្ឌា និងក្រុង Karachi ក្នុងប្រទេសប៉ាគីស្ថាន ជាមួយនឹងល្បឿនខ្យល់អតិបរមាពី ១២៥ ទៅ ១៣៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយកំសួលខ្យល់បក់ឡើងដល់ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕
