គុយបា៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានជួបជាមួយសមភាគីគុយបាលោក Miguel Diaz-Canel កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការឈប់សំចតចុងក្រោយរបស់លោក ក្នុងដំណើរទស្សនកិច្ច នៅប្រទេសចំនួនបីនៃតំបន់អាមេរិកឡាទីន ក្នុងគោលបំណងបង្កើនការគាំទ្រក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តអាមេរិកឡាទីនដែលរងទុក្ខដូចជាប្រទេសអ៊ីរ៉ង់ដែរ ដោយសារការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។

លោក Raisi បានប្រាប់អ្នកយកព័ត៌មាននៅក្នុងវេទិកាពាណិជ្ជកម្មមួយ ក្នុងទីក្រុងឡាហាវ៉ាន (Havana) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រទេសគុយបា និងអ៊ីរ៉ង់ នឹងស្វែងរកឱកាស ដើម្បីធ្វើការរួមគ្នា ក្នុងការផលិតអគ្គិសនី បច្ចេកវិទ្យាជីវសាស្រ្ត និងការធ្វើអាជីវកម្មរ៉ែ ក្នុងចំណោមវិស័យផ្សេងៗទៀត។
លោក Raisi បាននិយាយនៅក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ថា៖ «លក្ខខណ្ឌ និងកាលៈទេសៈ ដែលគុយបា និងអ៊ីរ៉ង់ រកឃើញថា បច្ចុប្បន្ននេះប្រទេសយើងមានរឿងដូចគ្នាច្រើនណាស់។ ជារៀងរាល់ថ្ងៃទំនាក់ទំនងរបស់យើងកាន់តែរឹងមាំខ្លាំងឡើង»។

មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរដ្ឋបាល ដោយប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌ និងភ្នាក់ងារគយរបស់ប្រទេស ក៏ដូចជាក្នុងវិស័យទូរគមនាគមន៍ផងដែរ។
សូមបញ្ជាក់ថា លោក Raisi នៅដើមសប្តាហ៍នេះ បានធ្វើទស្សនកិច្ចជាមួយមេដឹកនាំនៃប្រទេសដៃគូផលិតប្រេងវ៉េណេហ្ស៊ុយអេឡា ដែលនៅទីនោះ លោកបានសន្យាថា នឹងបង្កើនពាណិជ្ជកម្មទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឥន្ធនៈគីមី ហើយមុនពេលទៅដល់ប្រទេសគុយបា ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានជួបជាមួយលោក Daniel Ortega របស់ប្រទេសនីការ៉ាហ្គ័រ នៅក្នុងប្រទេសអាមេរិកកណ្តាល៕