កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៦ ខែមិថុនា) ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហអាមេរិកបានមកដល់កំពង់ផែក្នុងទីក្រុងប៊ូសាន (Busan) របស់កូរ៉េខាងត្បូង។
នេះជាលើកដំបូងហើយ ក្នុងរយៈពេលជិតប្រាំមួយឆ្នាំ ដែលនាវាមុជទឹក ដែលត្រូវចាត់ថ្នាក់ថា ជានាវាពហុបេសកម្ម «SSGN» របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ឬជានាវាមុជទឹកដែលមានបំពាក់មីស៊ីលតម្រង់គោលដៅ បានឈប់សំចតនៅប្រទេសកូរ៉េខាងត្បូង។

ការធ្វើដំណើរមកដល់នេះ គឺបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ និងបន្ទាប់ពីការប៉ុនប៉ុងមិនជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង កាលពីខែមុន។
កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមព្រៀងគ្នា នៅទីក្រុងវ៉ាស៊ីនតោន ក្នុងការ«ពង្រឹងបន្ថែមទៀតនូវការដានសញ្ញានៃគ្រឿងយុទ្ធោបករណ៍យុទ្ធសាស្ត្រជាប្រក្រតី» នៅលើឧបទ្វីបកូរ៉េ។

មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នាដែរថា នាវាមុជទឹកប្រព័ន្ធមីស៊ីលបាលីស្ទិកបំពាក់នុយក្លេអ៊ែរ (SSBN) របស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីជួយបង្ហាញនូវការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារប្រទេសសម្ព័ន្ធមិត្តពីការវាយប្រហារដោយកូរ៉េខាងជើង។ តែយ៉ាងណាក្ដី មិនមានការផ្ដល់កាលវិភាគឲ្យដឹងពីដំណើរទស្សនកិច្ចបែបនេះនោះឡើយ៕