
កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ការជ្រើសឯកឧត្ដម ហ៊ុន ម៉ា ណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺមិនមែនដោយសារតែជាកូនរបស់សម្ដេចទេ តែដោយសារសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពេលសំណេះសំណាលសួរសុខទុក្ខ ក្មួយកម្មករ និយោជិត បម្រើការងារក្នុងរោងចក្រសហគ្រាស ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ទី១៦ខែមិថុនានេះ បានបញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្រ្ដីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ត្រូវបានជ្រើស រើសដោយគណបក្សប្រជាជនកម្ពុជាទាំងមូល ដោយផ្អែកទៅលើសមត្ថភាពបុគ្គល ជាពិសេសសម្តេច បានបង្ហាញនូវគុណសម្បត្តិ និងនីតិវិធីស្របច្បាប់ សម្រាប់បេក្ខភាពជានាយករដ្ឋមន្ដ្រី របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចមិនខ្វល់ថាឯកឧត្ដម ហ៊ុន ម៉ាណែត នឹងឡើងធ្វើជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគតដោយវិធីសាស្ដ្រណានោះទេ សំខាន់ឲ្យតែការឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រីនោះដោយស្របច្បាប់ ។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានចំអកឱ្យគណបក្សប្រឆាំងថាគ្មានយុវជនបន្ដវេន ដូចគណបក្សប្រជាជនកម្ពុជានោះឡើយ ពោលគឺគណបក្សប្រជាជនកម្ពុជា មានយុវជនច្រើនណាស់ ដែលមាន លទ្ធភាពធ្វើនាយករដ្ឋមន្ដ្រី ។ ក្រុមគណបក្សប្រឆាំង គ្មានអ្នកណាមានសមត្ថភាពស្មើឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ ពិសេសជំនាញយោធា ៕អត្ថបទ៖ មុត សុទ្ធ