ហុងកុង៖ ក្រសួងការបរទេសចិនប្រចាំទីក្រុងហុងកុងបាននិយាយថា សេចក្ដីសម្រេចដែលអនុម័តដោយសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងដែនដីដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះគឺជា "ទង្វើគួរឱ្យស្អប់ខ្ពើម" និង "ជាន់ឈ្លី" លើគោលការណ៍ច្បាប់អន្តរជាតិ។

ប្រទេសចិនបាននិយាយថាសេចក្ដីសម្រេចដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន ៤៨៣ សំឡេង ដោយមាន ៩ សំឡេងប្រឆាំង និង ៤២ សំឡេងអនុប្បវាទនោះគឺ «ត្រូវបរាជ័យ»។
ក្រុមអ្នកនយោបាយនៅក្នុងសភាអឺរ៉ុប "មិនយកសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេទេ ប៉ុន្តែផ្ទុយទៅវិញប្រើប្រាស់បញ្ហាហុងកុងជាការផ្សព្វផ្សាយជាសាធារណៈក្រោមរូបភាពនៃ 'សិទ្ធិមនុស្ស' 'លទ្ធិប្រជាធិបតេយ្យ' និង 'សេរីភាព'" នេះបើតាមការិយាល័យស្នងការរបស់ក្រសួងការបរទេសបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

ក្រុមមន្ត្រីរដ្ឋាភិបាលនៅទីក្រុងប៉េកាំង និងហុងកុងបាននិយាយថា ច្បាប់នេះកំណត់គោលដៅតែលើ"អ្នកបង្កបញ្ហា"មួយក្តាប់តូចប៉ុណ្ណោះ ដែលគំរាមកំហែងដល់សន្តិសុខជាតិ និងថាសិទ្ធិនិងសេរីភាពរបស់ប្រជាជនហុងកុងទូទៅ ត្រូវបានការពារ។
សភាអឺរ៉ុបបាននិយាយនៅក្នុងសេចក្ដីសម្រេចនោះថា "សេរីភាពជាមូលដ្ឋាន នីតិរដ្ឋ និងឯករាជ្យភាពរបស់តុលាការបានធ្លាក់ចុះគួរឲ្យព្រួយបារម្ភនៅក្នុងទីក្រុងហុងកុង" ចាប់តាំងពីការអនុវត្តច្បាប់សន្តិសុខជាតិមក៕