
លោកស្រី Erasmia Roumana គឺជាអ្នកតំណាងឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប្រចាំនៅក្នុងប្រទេសក្រិក បាននិយាយរៀបរាប់ពីភាពវឹកវរនៅលើទូកដែលបានលិចជិតតំបន់ឆ្នេរប្រទេសក្រិក ដែលបណ្តាលឲ្យមនុស្ស ៧៨នាក់ បាត់បង់ជីវិត ។
លោកស្រី Roumana និយាយថា ព័ត៌មានទទួលបានពីជនអន្តោប្រវេសន៍បាននិយាយពីស្ថានភាពមនុស្សច្រើននៅលើទូក អស់រយៈពេលជាច្រើនថ្ងៃ មុនពេលសញ្ញាអាសន្នត្រូវបានបញ្ជូនចេញពីទូក ។
ថ្លែងនៅកំពង់ផែ Kalamata ជាកន្លែងដែលអ្នករស់រានរាប់សិបនាក់ទទួលបានការព្យាបាលនៅក្នុងឃ្លាំងទំនិញនោះ លោកស្រី Roumana និយាយថា អ្នករស់រានទទួលរងបញ្ហាផ្លូវជាតិជាងបញ្ហាផ្លូវកាយ ហើយពួកគេនៅតែព្រួយបារម្ភពីការស្វែងរកជោគវាសនារបស់អ្នកដំណើរដែលនៅបាត់ខ្លួន ។
លោកស្រី Roumanaនិយាយថា ជនអន្តោប្រវេសន៍ទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងអាតែន របស់ប្រទេសក្រិក ដើម្បីចុះបញ្ជី ហើយនិងអាចដាក់ពាក្យសុំសិទ្ធិជ្រកកោន ។
លោកស្រីបន្តថា ការធ្វើដំណើរប្រកបដោយគ្រោះថ្នាក់បែបនេះ នឹងមិនបញ្ចប់នោះទេ ហើយជនអន្តោប្រវេសន៍ នៅតែស្វែងរកផ្លូវដើម្បីចាកចេញពីសង្គ្រាម និងការសង្កត់សង្កិនបើទោះបីជាពួកគេត្រូវធ្វើដំណើរឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់ក៏ដោយ ៕


