
ខ្សែវីដេអូដែលចេញផ្សាយដោយឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក (USGC) បានបង្ហាញថា ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បានព្យាយាមជួយសង្គ្រោះសត្វសុនខមួយក្បាលយ៉ាងលំបាក ដោយការទាញយកសុនខពូជ Shepherd អាល្លឺម៉ង់ឡើងមកវិញចេញពីឆ្នេរថ្មដ៏ស្ងាត់មួយ បន្ទាប់ពីវាបានធ្លាក់ពីចំណោតថ្ម។
យោងតាមបណ្តាញសង្គម Twitter ផ្លូវការរបស់ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក (USGC) នៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ បានឲ្យដឹងថា សុនខនេះ បានធ្លាក់ពីកម្ពស់ប្រហែល ៣០០ហ្វីត (៩១ម៉ែត្រ) ពីចំណោតថ្មចូលទៅក្នុងឆ្នេរដាច់ស្រយាលមួយនៅទីក្រុងឆ្នេរ Cannon Beach រដ្ឋ Oregon ដែលភាគច្រើនមិនអាចចូលទៅដល់បានពីផ្លូវឡើងនៅក្បែរនោះបានទេ។
ឧត្ធម្ភាគចក្រ Air Station Astoria MH-60 Jayhawk បានឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយ ដោយបានបញ្ជូនក្រុមសង្គ្រោះទៅកាន់តំបន់នោះ។ ខ្សែវីដេអូបានបង្ហាញឲ្យឃើញអ្នកជួយសង្គ្រោះម្នាក់ចុះពីឧទ្ធម្ភាគចក្រចូលទៅក្នុងសមុទ្រយ៉ាងទាប ដើម្បីលើកយកសុនខនោះចេញពីឆ្នេរថ្មមកវិញ។
ក្រោយមក សុនខនេះបានមកជួបជាមួយម្ចាស់របស់វាវិញ នៅវេលាម៉ោង ៨:២០នាទីយប់ (ត្រូវនឹងម៉ោង ៣:២០នាទីម៉ោងសកល ថ្ងៃទី១៥ ខែមិថុនា) នៅពេលដែលក្រុមសង្គ្រោះបានឡើងដល់ច្រាំង។ បណ្ដាញសង្គម Twitter របស់ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក (USGC) បានឲ្យដឹងដែរថា សុនខនេះ មានរងរបួស ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ៕

