
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងដាក់ដំណើរការនូវការទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ តាមរយៈប្រព័ន្ធបាគង ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានទំហំច្រើននៅក្នុងចរន្តសេដ្ឋកិច្ច។
លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារនៃកម្ពុជា មានប្រសាសន៍ថា ការគ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសឡាវ និងវៀតណាម គឺបន្ទាប់ពីកម្ពុជាទទួលបានជោគជ័យនូវការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ។
បច្ចុប្បន្ន ប្រព័ន្ធបាគង (Bakong)របស់ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យពលរដ្ឋផ្ទេរប្រាក់ទៅកាន់ធនាគារបានទាំងអស់នៅកម្ពុជាដោយងាយស្រួល និងរហ័ស។ ជាពិសេសពលរដ្ឋដែលប្រើប្រព័ន្ធនេះ គឺអាចចាយវាយប្រាក់រៀលនៅក្នុងប្រទេសថៃ បានថែមទៀត តាមរយៈការស្កេន QR Code ។
កម្ពុជា និងថៃ ដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR Code បានជាងរយៈពេល៣ឆ្នាំហើយ ពោលចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មក។ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣ ការទូទាត់ឆ្លងដែនរវាងកម្ពុជា-ថៃ គឺសម្រេចបានទឹកប្រាក់ជាង ៣០០០លានរៀល៕ អត្ថបទ៖ វណ្ណៈ