
ប្រទេសចិនបានកាត់បន្ថយការផ្តល់ប្រាក់កម្ចីគោលសំខាន់ៗរបស់ខ្លួន នៅថ្ងៃអង្គារ (ទី២០ ខែមិថុនា)នេះ ដែលជាការកាត់បន្ថយលើកដំបូង ក្នុងរយៈពេល ១០ខែ ខណៈដែលអាជ្ញាធរព្យាយាគាំទ្រដល់សេដ្ឋកិច្ច ដែលងើបឡើងវិញក្នុងកម្រិតល្បឿនយឺត ទោះបីជាការបារម្ភអំពីទីផ្សារអចលនទ្រព្យ មានន័យថា ការបន្ធូរបន្ថយមិនមានទំហំធំ ដូចការរំពឹងទុកក៏ដោយ។
ការបន្ថយរូបិយវត្ថុចុងក្រោយនេះ កើតឡើង នៅពេលដែលការងើបឡើងវិញក្រោយមានជំងឺរាតត្បាត នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បង្ហាញសញ្ញានូវការបាត់បង់សន្ទុះដំបូង ដែលបានឃើញនៅក្នុងត្រីមាសទី១។ អត្រាការប្រាក់កម្ចី (LPR) រយៈពេល ១ឆ្នាំ ត្រូវបានបន្ទាបពី ១០ភាគរយមកត្រឹម ៣,៥៥ភាគរយ ខណៈពេលដែលអត្រាប្រាក់កម្ចី (LPR) ៥ឆ្នាំ ត្រូវបានកាត់បន្ថយមកត្រឹមកម្រិតដូចគ្នា ៤,២០ភាគរយ។
លោក Julian Evans-Pritchard ប្រធានផ្នែកសេដ្ឋកិច្ចរបស់ចិន នៅក្រុមហ៊ុន Capital Economics បាននិយាយថា ការកាត់បន្ថយទាំងនេះនឹងកាត់បន្ថយការចំណាយលើប្រាក់កម្ចីថ្មី ក៏ដូចជាការទូទាត់ការប្រាក់លើប្រាក់កម្ចីដែលមានស្រាប់។ ការកាត់បន្ថយនោះគួរតែមិនបានជួយដល់សកម្មភាពសេដ្ឋកិច្ចច្រើននោះទេ។ យើងគិតថា វាមិនទំនងជំរុញឲ្យមានការកើនឡើងខ្លាំង នៅក្នុងកំណើនឥណទាននោះទេ ដោយសារតម្រូវការឥណទានទាប»។
ការកាត់បន្ថយដែលតិចជាងការរំពឹងទុកនេះ បានធ្វើឲ្យអ្នកវិនិយោគខកចិត្តដោយតារាងសន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចិនដីគោក Hang Seng (.HSMPI) ធ្លាក់ចុះ ៣,៦១ភាគរយ លើសពីការធ្លាក់ចុះនៃតារាងភាគហ៊ុនរបស់ភាគហ៊ុន Hang Seng (.HSI) ។ រូបិយប័ណ្ណចិន បានធ្លាក់ថ្លៃ ០,២៥ភាគរយ ហើយទីផ្សារភាគហ៊ុនអាស៊ីគ្រប់កន្លែង ក៏បានធ្លាក់ចុះផងដែរ។
លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់របស់ប្រទេសចិន នៅធនាគារ ANZ បាននិយាយថា ការកាត់បន្ថយតិចជាងការរំពឹងទុករយៈពេលប្រាំឆ្នាំនេះ បង្ហាញថា អាជ្ញាធរមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ទីផ្សារអចលនទ្រព្យជាទម្រង់នៃកញ្ចប់ថវិកាស្រោចស្រង់រយៈពេលខ្លី ដែលអាចបង្កើតហានិភ័យថ្មីរយៈពេលខ្លី។ កាលពីថ្ងៃសុក្រ គណៈរដ្ឋមន្ត្រីរបស់ប្រទេសចិនបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីវិធានការជំរុញកំណើនសេដ្ឋកិច្ច និងបានសន្យាគាំទ្រគោលនយោបាយបន្ថែមទៀត៕
