
សីតុណ្ហភាពកកនៅតំបន់កណ្តាលឆៀងខាងលិចប្រទេសប្រេស៊ីល បានបណ្តាលឲ្យបសុសត្វជាង ១ពាន់ក្បាលងាប់ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការអះអាងរបស់ទីភ្នាក់ងារការពារសុខភាពបសុសត្វ និងរុក្ខជាតិរដ្ឋ Mato Grosso do Sul។
នៅក្នុងរដ្ឋ Mato Grosso do Sul សីតុណ្ហភាពចុះត្រជាក់ខ្លាំង បណ្តាលឲ្យគោក្របីងាប់ ១.០៧១ក្បាល ដោយសារតែរោគខ្វះកម្តៅ ក្នុងនោះរួមទាំងគោបា មេគោ និងកូនគោផងដែរ។
ខណៈពេលនោះដែរ ក្រុមមន្រ្តីក្នុងស្រុក ពុំបានច្រានចោលនោះទេចំពោះលទ្ធភាពនៃការងាប់បសុសត្វបន្ថែមទៀត ដោយសារតែរោគខ្វះកម្តៅ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ពេលដែលសីតុណ្ហភាពនៅតែចុះទាប។ ក្រុមអាជ្ញាធរ ប៉ាន់ស្មានថាការខាតបង់នេះ មានទំហំទឹកប្រាក់ជាង ៦២៧.០០០ដុល្លារសម្រាប់អ្នកចិញ្ចឹមបសុសត្វតាមជនបទក្នុងតំបន់៕
