អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ថា ការគំរាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិកគឺ «ពិតប្រាកដ» ប៉ុន្មានថ្ងៃបន្ទាប់ពីការរិះគន់ពីការដាក់ពង្រាយអាវុធប្រភេទនេះរបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស។
កាលពីថ្ងៃសៅរ៍ លោក Biden បានចាត់ទុកការប្រកាសរបស់លោកពូទីន ដែលថា រុស្ស៊ីបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកដំបូងរបស់ខ្លួនទៅកាន់ប្រទេសបេឡារុសថា«គ្មានការទទួលខុសត្រូវទាំងស្រុង»។
លោក Biden បានប្រាប់ក្រុមម្ចាស់ជំនួយនៅរដ្ឋកាលីហ្វ័រនីញ៉ាកាលពីថ្ងៃចន្ទថា នៅពេលដែលខ្ញុំចេញពីទីនេះប្រហែល ២ ឆ្នាំមុន ដោយនិយាយថាខ្ញុំព្រួយបារម្ភអំពីទន្លេ Colorado រីងស្ងួត ពេលនោះមនុស្សគ្រប់គ្នាមើលមកខ្ញុំថាខ្ញុំឆ្កួត។ លោក Biden បាននិយាយថា ពួកគេបានមើលមកខ្ញុំដូចនៅពេលដែលខ្ញុំនិយាយថា ខ្ញុំបារម្ភអំពីលោក ពូទីន ប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក វាជារឿងពិត។
កាលពីសប្តាហ៍មុន ប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់លោកបានចាប់ផ្តើមទទួលយកអាវុធនុយក្លេអ៊ែរតាកទិករបស់រុស្ស៊ី ដែលមួយចំនួន លោកនិយាយថាមានកម្លាំងខ្លាំងជាងគ្រាប់បែកអាតូមិកដល់ទៅបីដង ដែលសហរដ្ឋអាមេរិកទម្លាក់មកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាង៉ាសាគិ ក្នុងឆ្នាំ ១៩៤៥។

