អេហ្ស៊ីប ៖ គម្រោងពង្រីកផ្លូវជាតិ និងស្ពានបញ្ឈប់ការកកស្ទះនៅក្នុងទីក្រុងគែរ ធ្វើឲ្យផ្នូរខ្មោចរាប់ពាន់ផ្នូរនៅទីស្មសានបុរាណអ៊ីស្លាម ស្ថិតក្រោមការគំរាមកំហែង និងធ្វើឲ្យមានការផ្ទុះកំហឹងនៅក្នុងចំណោមក្រុមអ្នកអភិរក្ស និងសមាជិកគ្រួសារដែលម្ចាស់របស់ផ្នូរ ។
ដោយគេស្គាល់ឈ្មោះថាជាទីក្រុងខ្មោច ទីស្មសានជាច្រើនស្ថិតនៅតាមជ្រុងខាងកើតនៃតំបន់បេតិកភណ្ឌពិភពលោក Historic Cairo បានក្លាយជាកន្លែងបញ្ចុះសាកសពអេហ្ស៊ីប ចាប់តាំងពីការមកដល់របស់សាសនាអ៊ីស្លាមមកម្ល៉េះ កាលពីសតវត្សរ៍ទី ៧នៃគ.ស ។
តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCOមួយនេះ ស្ថិតនៅលើផ្ទៃដីទំហំ ១០គ.មក្រឡា ហើយគ្រួសារមានមុខមានមាត់បំផុតជាច្រើននៅក្នុងទីក្រុងគែរ នៅតែរក្សាទំនាក់ទំនងជាមួយទីស្មសានទាំងនេះ ជាកន្លែងដែលពួកគេបន្តបញ្ចុះសពរបស់ពួកគេ ។
នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលអេហ្ស៊ីប បានប្រើប្រាស់គ្រឿងចក្រឈូសឆាយផ្នូរខ្មោចរាប់ពាន់ផ្នូរ ដើម្បីធ្វើផ្លូវហាយវ៉េ ដែលតភ្ជាប់ទីក្រុងគែរទៅកាន់រដ្ឋធានីថ្មីនៅតំបន់ភាគខាងកើត ។
ម្ចាស់ផ្នូរមួយចំនួនដែលចង់ផ្ទេរទីកន្លែងសាកសពសមាជិកគ្រួសាររបស់ពួកគេ និយាយថា ពួកគេត្រូវបានគេទុកពេលឲ្យមុនតិចតួចបំផុត ៕

